ប្រធានាធិបតីប៉ាគីស្ថានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះសន្តិភាពអន្តរជាតិ និងពហុភាគីនិយម
AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ -- ប្រធានាធិបតីប៉ាគីស្ថានលោក អាស៊ីហ្វ អាលី ហ្សាដារី (Asif Ali Zardari) បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោកនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ ហើយគាំទ្រប្រព័ន្ធពហុភាគីនិយមដ៏រឹងមាំ មានប្រសិទ្ធភាពនិងមានការចូលរួមពីគ្រប់ភាគី។
នៅក្នុងសារមួយសម្រាប់ទិវាសន្តិភាពអន្តរជាតិ លោក ហ្សាដារី បានលើកឡើងថា សន្តិភាពដ៏យូរអង្វែងអាចសម្រេចទៅបានលុះត្រាតែមានការសន្ទនា ការទូត យុត្តិធម៌ និងការគោរពយ៉ាងពេញលេញចំពោះច្បាប់អន្តរជាតិ និងគោលការណ៍នានានៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
លោកបានបញ្ជាក់ថា ប្រទេសប៉ាគីស្ថានគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី និងវិធីសាស្រ្តដ៏ទូលំទូលាយមួយក្នុងការបង្ការ និងដោះស្រាយជម្លោះ ដោយផ្អែកលើការសន្ទនា ការទូត និងសកម្មភាពរួមគ្នា។
ប្រធានាធិបតីរូបនេះបានលើកឡើងពីការចូលរួមចំណែករបស់កងកម្លាំងរក្សាសន្តិភាពប៉ាគីស្ថាន ដែលកំពុងបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិនៅទូទាំងពិភពលោក ដោយលោកបានបញ្ជាក់ថាសេវាកម្មរបស់ពួកគេឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំ និងយូរអង្វែងរបស់ប្រទេសចំពោះសន្តិភាពអន្តរជាតិ។
លោក ហ្សាដារី ក៏បានលើកឡើងផងដែរអំពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ប្រទេសប៉ាគីស្ថាន ដើម្បីជួយបញ្ចប់ជម្លោះរវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដោយលោកបានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានៅទីក្រុងអ៊ីស្លាម៉ាបាដបានបើកផ្លូវឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹង និងការដោះស្រាយតាមរយៈការចរចា។
លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ គោរពច្បាប់អន្តរជាតិ និងលើកកម្ពស់ដំណោះស្រាយវិវាទប្រកបដោយយុត្តិធម៌ និងនិរន្តរភាព តាមរយៈមធ្យោបាយសន្តិវិធី៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





