ន័រវែស និងកាណាដា នឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិនៅក្នុងតំបន់អាកទិក
AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ -- រដ្ឋាភិបាលន័រវែសបានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសន័រវែស និងកាណាដា មានគម្រោងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ រួមទាំងការបង្កើនការធ្វើសមយុទ្ធហ្វឹកហ្វឺនរួមគ្នា និងប្រតិបត្តិការនានានៅតំបន់អាកទិក។
នាយករដ្ឋមន្ត្រីន័រវែស លោក ចូណាស់ ហ្គារ ស្ដ័រ (Jonas Gahr Store) បានជួបជាមួយសមភាគីកាណាដា គឺលោក ម៉ាក ខានេយ (Mark Carney) នៅទីក្រុងអូតតាវ៉ា កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ស្ត័រ បានមានប្រសាសន៍ថា៖«សន្តិសុខនៅតំបន់អាកទិកមានសារៈសំខាន់ចំពោះសន្តិសុខជាតិរបស់ប្រទេសយើងទាំងពីរ»។
យោងតាមសេចក្តីថ្លែងការណ៍នោះ ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបញ្ជាក់ថា ពួកគេមានបំណងបន្តកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិដែលត្រូវបានពង្រឹង បន្ទាប់ពីការចរចាលើគម្រោងទិញនាវាមុជទឹករបស់កាណាដាត្រូវបានបញ្ចប់។ កិច្ចព្រមព្រៀងនេះនឹងផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ផ្នែកការពារជាតិដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២៣។
កាលពីខែកក្កដា ប្រទេសកាណាដាបានសម្រេចចិត្តទិញនាវាមុជទឹកប្រភេទដូចគ្នាទៅនឹងប្រទេសន័រវែស និងអាល្លឺម៉ង់ ដែលនេះជាការបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ ឧស្សាហកម្ម និងបច្ចេកទេសរវាងប្រទេសទាំងបី។
លោក ស្ត័រ បានលើកឡើងថា ភាពជាដៃគូផ្នែកនាវាមុជទឹកនេះនឹងពង្រឹងសមត្ថភាពរបស់ន័រវែស និងអង្គការណាតូ (NATO) ក្នុងការឃ្លាំមើលតំបន់សមុទ្រភាគខាងជើង និងបង្កើតឱកាសសម្រាប់ឧស្សាហកម្មការពារជាតិរបស់ប្រទេសន័រវែស។
មេដឹកនាំទាំងពីរក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ពួកគេចំពោះប្រទេសអ៊ុយក្រែនផងដែរ។ វិស័យផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការរួមមាន ការសហការកាន់តែជិតស្និទ្ធរវាងស្ថាប័នស្រាវជ្រាវតំបន់ប៉ូលរបស់ប្រទេសទាំងពីរ និងការប្រើប្រាស់ប្រកបដោយសុវត្ថិភាពនូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីកែលម្អសេវាសាធារណៈ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





