អង្គការ NatureLife ផ្តល់កាណូត និងសម្ភារៈល្បាតជូនមន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ
AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦-- ដើម្បីពង្រឹងការគ្រប់គ្រង ការល្បាត និងការអង្កេតតាមដានជីវៈចម្រុះនៅតំបន់រ៉ាមសារកោះកាពិ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានគាំទ្រកាណូត និងសម្ភារសម្រាប់ការល្បាត និងការសិក្សាសត្វស្លាប ដល់មន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិចំនួនពីរ គឺសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ និងសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ។

មន្រ្តីអង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី២២ ខែកញ្ញ ឆ្នាំ២០២៦ថា ការផ្តល់ជូននេះធ្វើឡើងនៅពាក់កណ្តាល ខែកញ្ញា ឆ្នាំ២០២៦ ក្រោមគម្រោង «លើកកម្ពស់សហគមន៍តំបន់ឆ្នេរ ដើម្បីចូលរួមអភិរក្សជីវៈចម្រុះ និងបង្កើនជីវភាពបៃតង ក្នុងតំបន់រ៉ាមសារកោះកាពិ» ដែលទទួលបានការគាំទ្រពីមូលនិធិ 30x30 Southeast Asia Ocean Fund។ កម្មវិធីមានអ្នកចូលរួមសរុប២៦នាក់ ក្នុងនោះមានស្ត្រី ៤នាក់ រួមមានតំណាងមន្ទីរបរិស្ថានខេត្តកោះកុង នាយកតំបន់រ៉ាមសារកោះកាពិ មន្ត្រីឧទ្យានុរក្ស និងគណៈកម្មការសហគមន៍។ តាមរយៈការគាំទ្រនេះ មន្ត្រីឧទ្យានុរក្សតំបន់រ៉ាមសារកោះកាពិ ទទួលបានកាណូតម៉ាស៊ីន ១គ្រឿង ម៉ាស៊ីនថត ១គ្រឿង តេឡេស្កុប ១គ្រឿង កែវយឹត ១ និងសៀវភៅសត្វស្លាប ១ក្បាល។ ចំណែកសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ និងកោះស្រឡៅ សហគមន៍នីមួយៗទទួលបានកែវយឹត ១ និងសៀវភៅសត្វស្លាប ១ក្បាល។

សម្ភារៈទាំងនេះនឹងជួយពង្រឹងសមត្ថភាពរបស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍ក្នុងការចូលរួមល្បាត ការអង្កេតតាមដានជីវៈចម្រុះ និងការកត់ត្រាទិន្នន័យសត្វស្លាបឱ្យកាន់តែមានប្រសិទ្ធភាព។ ជាពិសេស វានឹងគាំទ្រដល់ការអង្កេតតាមដានសត្វស្លាបជាប្រចាំក្នុងតំបន់រ៉ាមសារកោះកាពិ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការកត់ត្រា និងបង្កើនចំណេះដឹងអំពីសត្វស្លាបនៅតំបន់ដីសើមសំខាន់មួយនេះ។

តំបន់រ៉ាមសារកោះកាពិស្ថិតនៅក្នុងបណ្ដាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្ត្រាលី (East Asian-Australasian Flyway) និងជាតំបន់សំខាន់សម្រាប់សត្វស្លាបឆ្នេរ និងសត្វស្លាបទេសន្តរប្រវេសន៍ដ៏សំខាន់។ ការគាំទ្រសម្ភារៈល្បាតទាំងនេះនឹងជួយឱ្យមន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិទាំងពីរត្រៀមខ្លួនបានកាន់តែប្រសើរ សម្រាប់ការល្បាត និងអង្កេតតាមដានវត្ដមានសត្វស្លាបក្នុងរដូវបម្លាស់ទីខាងមុខ ព្រមទាំងរួមចំណែកដល់ការគ្រប់គ្រង និងការអភិរក្សជីវៈចម្រុះនៅតំបន់រ៉ាមសារកោះកាពិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕
ដោយ ណយ នឿន (ប្រភព៖ NatureLife)





