សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងប្រគល់ផ្ទះ២ខ្នង ជូនគ្រួសារទីទ័លក្រ នៅក្រុងបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦-- សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានរៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន២ខ្នង និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋទីទ័លក្រចំនួន៥០គ្រួសារ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។ ពិធីនេះត្រូវបានរៀបចំឡើងដើម្បីប្រគល់ផ្ទះថ្មី ១ខ្នង ជូនគ្រួសារលោកស្រី នាក់ ភន និងផ្ទះមនុស្សធម៌១ខ្នងទៀត ប្រគល់ជូនគ្រួសារលោកស្រី នាក់ សម្ផស្ស។

គ្រួសារទាំងពីរជាស្ត្រីមេម៉ាយ មានបន្ទុកគ្រួសារច្រើន មានជីវភាពទីទ័លក្រ និងជាជនរងគ្រោះដែលបានបាត់បង់ជម្រកដោយសារគ្រោះអគ្គិភ័យកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ ស្ថិតនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ការផ្តល់ជូនផ្ទះថ្មីនាពេលនេះ គឺជាការឆ្លើយតបយ៉ាងទាន់ពេលវេលា ដើម្បីជួយសម្រាលទុក្ខលំបាក និងផ្តល់ជម្រកដ៏កក់ក្តៅ សុវត្ថិភាពឡើងវិញជូនពួកគាត់។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ព្រមទាំងប្រតិភូអមដំណើរ ក៏បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ និងងាយរងគ្រោះចំនួន ៥០គ្រួសារ ដើម្បីជួយសម្រាល បន្ទុកជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។

ឯកឧត្តមបានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ច កាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋនៅគ្រប់ទិសទី។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់គ្រួសារទទួលផលទាំងអស់ សូមថែរក្សាមរតកដ៏មានតម្លៃដែលពុំអាចកាត់ថ្លៃបានទាំងនេះ ឱ្យបានគង់វង្សឋិតឋេរយូរ អង្វែងសម្រាប់ កូនចៅតទៅមុខទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក៏បានក្រើនរំលឹកពីការគិតគូរចំពោះសុខភាព ការរក្សាអនាម័យ និងការសម្អាតបរិស្ថាន ចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសឆ្ងាយពីគ្រឿងញៀនផងដែរ។

ជាកិច្ចឆ្លើយតប គ្រួសារទទួលបានផ្ទះថ្មីទាំងពីរ និងប្រជាពលរដ្ឋទាំងអស់ បានសម្តែងក្តីរំភើបរីករាយ ជាអនេក និងបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ព្រមទាំងអាជ្ញាធរខេត្តបាត់ដំបង ដែលបានគិតគូរ និងជួយសង្គ្រោះពួកគាត់នៅក្នុងគ្រាលំបាកបំផុតនេះ ជាពិសេសទទួលបានផ្ទះថ្មីស្រឡាងដែលមិននឹកស្មានដល់ថានឹងមានជម្រកយ៉ាងសមរម្យស្រស់ស្អាតបែបនេះទេ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





