ក្រសួងប្រៃសណីយ៍ និងក្រសួងព័ត៌មាន ប្រកាសដាក់ឱ្យប្រើប្រាស់គេហទំព័រថ្មីរបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ ដើម្បីផ្តល់ព័ត៌មានកាន់តែឆាប់រហ័ស ប្រសិទ្ធភាព និងកាន់តែមានភាពជឿទុកចិត្តបាន
AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦--ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ និងក្រសួងព័ត៌មានបានប្រកាសដាក់ឱ្យប្រើប្រាស់គេហទំព័រថ្មីរបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ ក្នុងទិសដៅមួយ គឺការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋកាន់តែឆាប់រហ័ស កាន់តែទូលំទូលាយ កាន់តែមានប្រសិទ្ធភាព និងកាន់តែមានភាពជឿទុកចិត្តបាន។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គេហទំព័ររួមមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥» នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានមានប្រសាសន៍ថា សមិទ្ធផលនេះ គឺជាផ្លែផ្កានៃការប្តេជ្ញាចិត្ត ការសហការយ៉ាងជិតស្និទ្ធ និងការរួមកម្លាំងគ្នារវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងស្មារតីមួយ គោលដៅមួយ និងទិសដៅមួយ គឺការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋកាន់តែឆាប់រហ័ស កាន់តែទូលំទូលាយ កាន់តែមានប្រសិទ្ធភាព និងកាន់តែមានភាពជឿទុកចិត្តបាន។ ឯកឧត្ដមបានបញ្ជាក់ថា ពិធីនេះ មិនមែនគ្រាន់តែជាការប្រកាសដាក់ឱ្យប្រើប្រាស់គេហទំព័រថ្មីរបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ ប៉ុណ្ណោះទេ ផ្ទុយទៅវិញវាជាសក្ខីភាពមួយដ៏សំខាន់នៃការបោះជំហានទៅមុខរបស់ក្រសួងព័ត៌មាន ក្នុងការធ្វើបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មវិស័យព័ត៌មាន និងសោតទស្សន៍នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖ «សមិទ្ធផលដែលយើងកំពុងរៀបចំប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ មិនមែនកើតឡើងដោយចៃដន្យនោះឡើយ។ វាកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នា ពីការសម្របសម្រួលជាបន្តបន្ទាប់ និងពីស្មារតីសហការយ៉ាងស្អិតរមួតរវាងក្រសួងទាំងពីរ»។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដីក៏សូមវាយតម្លៃខ្ពស់ និងកោតសរសើរដោយស្មោះចំពោះក្រុមការងារបច្ចេកទេស និងមន្ត្រីជំនាញនៃក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងបញ្ញាស្មារតី ដើម្បីរចនា អភិវឌ្ឍន៍ សាកល្បង និងរៀបចំប្រព័ន្ធគ្រប់គ្រងមាតិកាគេហទំព័ររួម ឬ Government Content Management System (CMS) នេះឡើង។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា៖ «ការងារនេះមិនមែនជាការងារបច្ចេកទេសធម្មតានោះទេ វាជាការកសាងមូលដ្ឋានគ្រឹះមួយសម្រាប់ការផ្លាស់ប្តូររបៀបដែលស្ថាប័នព័ត៌មានរបស់រដ្ឋ ត្រូវផលិត គ្រប់គ្រង ចែកចាយ និងផ្សព្វផ្សាយព័ត៌មានទៅកាន់សាធារណជន»។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកលើងថា កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរនេះ បានបង្កើតឡើងនូវហេដ្ឋារចនាសម្ព័ន្ធព័ត៌មានរួម ដែលមានស្តង់ដារបច្ចេកវិទ្យាស្របគ្នា មានប្រព័ន្ធគ្រប់គ្រងកាន់តែមានប្រសិទ្ធភាព និងយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខឌីជីថល។ «វាក៏បានចូលរួមយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មព័ត៌មានពីរដ្ឋបាលថ្នាក់ក្រោមជាតិ មកកាន់ថ្នាក់ជាតិ ឱ្យកាន់តែស៊ីសង្វាក់គ្នា មានសណ្តាប់ធ្នាប់ និងមានប្រភពច្បាស់លាស់។ នេះគឺជាការកសាងប្រព័ន្ធព័ត៌មានរដ្ឋបែបឌីជីថល ដែលមិនត្រឹមតែផ្តល់ព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតច្រកទំនាក់ទំនងថ្មីរវាងស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋផងដែរ»។ នេះគឺជាការលើកឡើងបញ្ជាក់បន្ថែមរបស់ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងព័ត៌មានបានឱ្យដឹងទៀតថា យើងទាំងអស់គ្នាកំពុងរស់នៅក្នុងយុគសម័យមួយ ដែលព័ត៌មានធ្វើដំណើរលឿនជាងពេលណាៗទាំងអស់ ហើយបច្ចេកវិទ្យាឌីជីថលបានផ្លាស់ប្តូរនូវរបៀបដែលមនុស្សទទួលព័ត៌មាន ស្វែងរកព័ត៌មាននិងចែករំលែកព័ត៌មាន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានរំលេចផងដែរថា ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន មិនចាំបាច់រង់ចាំដល់ម៉ោងផ្សាយតាមវិទ្យុ ឬទូរទស្សន៍ ដូចកាលពីអតីតកាលទៀតឡើយ ព័ត៌មានអាចទៅដល់ដៃរបស់ពួកគាត់ក្នុងរយៈពេលតែប៉ុន្មានវិនាទី តាមរយៈទូរស័ព្ទដៃឆ្លាតវៃ គេហទំព័រ កម្មវិធីទូរស័ព្ទ បណ្តាញសង្គម និងថ្នាលឌីជីថលជាច្រើនទៀត។

ដូច្នេះ ល្បឿននៃព័ត៌មាន ក៏ជាល្បឿននៃការឆ្លើយតបរបស់ស្ថាប័ន ផងដែរ។ ឯកឧត្ដមរដ្ឋមន្រ្ដីបញ្ជាក់បន្ថែមថា៖ «នៅពេលដែលតម្រូវការរបស់សាធារណជនផ្លាស់ប្តូរ របៀបធ្វើការរបស់ស្ថាប័នព័ត៌មានក៏ត្រូវផ្លាស់ប្តូរទៅតាមនោះដែរ។ យើងមិនអាចប្រើវិធីសាស្ត្រម្សិលមិញ ដើម្បីឆ្លើយតបនឹងតម្រូវការព័ត៌មានថ្ងៃនេះ និងថ្ងៃស្អែកបានទេ។ ហេតុនេះហើយ ការផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ ត្រូវឈានចេញពីការផ្សព្វផ្សាយតាមទម្រង់ប្រពៃណីតែមួយ ទៅកាន់ ការផ្សព្វផ្សាយមាតិកាតាមថ្នាលពហុប្រព័ន្ធ (Multi-Platform Content Distribution)។ យើងត្រូវធ្វើឱ្យព័ត៌មានផ្លូវការរបស់រដ្ឋមកដល់ប្រជាពលរដ្ឋ មិនថាពួកគាត់នៅទីណា និងប្រើប្រាស់ថ្នាលណាក៏ដោយ»៕
ដោយ៖ ប៊ុនរិទ្ធ





