ទស្សនកិច្ចរបស់មន្ត្រីក្រសួងព័ត៌មានកម្ពុជានៅប្រាសាទ Taj Mahal និង Agra Fort ប្រទេសឥណ្ឌា
AKP ឥណ្ឌា ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦-- មន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ចំនួន១៤ រូប ដែលកំពុងស្ថិតក្នុងបេសកកម្មវគ្គបណ្តុះបណ្តាលជំនាញប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យា (New Age Media & IT) នៅប្រទេសឥណ្ឌា បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់ពីសម្បត្តិបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញគឺ ប្រាសាទ Taj Mahal និងបន្ទាយ Agra Fort។
ប្រាសាទ Taj Mahal និងបន្ទាយប្រវត្តិសាស្ត្រ Agra Fort ស្ថិតនៅក្រុង Agra រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។ គោលបំណងនៃទស្សនកិច្ចរបស់មន្ត្រីក្រសួងព័ត៌មានកម្ពុជាគឺដើម្បីសិក្សាឈ្វេងយល់ពីការគ្រប់គ្រងបេតិកភណ្ឌ ប្រវត្តិសាស្ត្រ វប្បធម៌ និងការប្រៀបធៀបទំនាក់ទំនងវប្បធម៌រវាងកម្ពុជា និងឥណ្ឌា។ ទស្សនកិច្ចនេះក៏ជាផ្នែកមួយនៃកម្មវិធីសិក្សាក្រៅថ្នាក់ ក្នុងអំឡុងពេលដែលមន្ត្រីកម្ពុជាកំពុងចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ២ សប្តាហ៍លើជំនាញបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល នៅមជ្ឈមណ្ឌល C-DAC ក្រុង New Delhi ប្រទេសឥណ្ឌា។
លើសពីនេះទៅទៀត ដំណើរទស្សនាប្រាសាទ Taj Mahal បានឈ្វេងយល់ពីស្ថាបត្យកម្មដ៏អស្ចារ្យនៃប្រាសាទថ្មម៉ាបសដែលជាបេតិកភណ្ឌពិភពលោក UNESCO និងបានផ្លាស់ប្តូរបទពិសោធន៍លើការផ្សព្វផ្សាយព័ត៌មានទេសចរណ៍ និងការអភិរក្សបេតិកភណ្ឌវប្បធម៌ រវាងប្រាសាទ Taj Mahal និងប្រាសាទអង្គរវត្តរបស់កម្ពុជា។
ចំណែកឯ ដំណើរទស្សនកិច្ចនៅបន្ទាយ Agra Fort វិញ មន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានចូលទស្សនាស្ថាបត្យកម្មប្រវត្តិសាស្ត្រនៃរជ្ជកាល Mughal និងបានសិក្សាពីប្រវត្តិសាស្ត្រនៃការកសាង ការរៀបចំហេដ្ឋារចនាសម្ព័ន្ធការពារក្រុង និងវិធីសាស្ត្រនៃការស្រូបទាញភ្ញៀវទេសចរអន្តរជាតិ។
សូមជម្រាបជូនថា ប្រាសាទបន្ទាយ Agra (Agra Fort) ត្រូវបានកសាង និងពង្រីកឡើងសម្រាប់គោលបំណងសំខាន់ៗមួយចំនួនដូចជា៖ ជាព្រះបរមរាជវាំង និងជាអាសនៈគ្រប់គ្រង និយាយជារួមវាជាទីស្នាក់អាស្រ័យផ្លូវការ និងជាមជ្ឈមណ្ឌលរដ្ឋបាលផ្ដាច់មុខរបស់អធិរាជនៃអាណាចក្រម៉ូហ្គល់ (Mughal Empire) ជាច្រើនអង្គ ដូចជា Akbar, Jahangir, Shah Jahan, និង Aurangzeb ជាដើម។
លើសពីនេះទៅទៀត វាជាបន្ទាយការពារយោធា ដោយមានកំពែងថ្មភក់ពណ៌ក្រហមដ៏ក្រាស់ និងខ្ពស់ (ប្រវែងប្រហែល ២,៥ គីឡូម៉ែត្រ) Agra Fort ត្រូវបានរចនាឡើងយ៉ាងរឹងមាំដើម្បីការពារព្រះរាជា និងកងទ័ពពីការវាយប្រហាររបស់សត្រូវ។
វាក៏ជាមជ្ឈមណ្ឌលនៃពិធីការ និងកិច្ចការរដ្ឋ ដោយនៅក្នុងបន្ទាយមានសាលប្រជុំសំខាន់ៗដូចជា Diwan-i-Am (សម្រាប់ជួបជុំជាមួយប្រជារាស្ត្រ) និង Diwan-i-Khas (សម្រាប់ជួបជុំពិភាក្សាកិច្ចការផ្ទៃក្នុងជាមួយមន្ត្រីជាន់ខ្ពស់ និងរាជទូតបរទេស)។
សរុបមក Agra Fort ត្រូវបានសាងសង់ឡើងដើម្បីធ្វើជា «រាជវាំងផង និងបន្ទាយយោធាការពារជាតិផង» ក្នុងសម័យកាលដ៏រុងរឿងនៃអាណាចក្រម៉ូហ្គល់។
សម្រាប់ដំណើរទស្សនកិច្ចរបស់មន្ត្រីក្រសួងព័ត៌មាននាពេលនេះមិនត្រឹមតែជួយពង្រឹងចំណេះដឹងផ្នែកវប្បធម៌ទូទៅដល់មន្ត្រីប្រព័ន្ធផ្សព្វផ្សាយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕


ដោយ៖ គង់ សិរីរ័ត្ន





