គណៈប្រតិភូក្រសួងការងារកម្ពុជា សិក្សាបទពិសោធកូរ៉េ ពង្រឹងសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦---
ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ នៃ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូកម្ពុជា ជាមន្រ្តីអធិការកិច្ចសុវត្ថិភាពនិងសុខ ភាពការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្រ្តីអធិ ការកិច្ចសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើទស្សន កិច្ចសិក្សា នៅទីក្រុងសេអ៊ូល សាធារណរ ដ្ឋកូរ៉េ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីដកស្រង់បទពិសោធជាក់ស្តែង លើការពង្រឹងសុវត្ថិ ភាពនិងសុខភាពការងារ ក្នុងវិស័យសំណង់។

កម្មវិធីនេះរៀបចំដោយទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងគម្រោង "Asia-Pacific Regional Case for Implementing the Global Accelerator by a Just Transition in the Construction Industries" ក្រោមកិច្ចសហប្រតិបត្តិការ ILO-Korea Partnership Programme ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចកម្ពុជា លើការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់នៅការដ្ឋានសំណង់។


ឯកឧត្តម សោម ចំណាន បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ច គណៈប្រតិភូបានសិក្សាពីគោលនយោបាយ និងច្បាប់ សុវត្ថិភាពការដ្ឋានសំណង់ បច្ចេកទេសស៊ើបអង្កេតគ្រោះថ្នាក់ការងារ ការលើកកម្ពស់វប្បធម៌សុវត្ថិភាពក្នុងការប្រើប្រាស់បរិក្ខារ និងគ្រឿងចក្រ និងបច្ចេកទេសអធិការកិច្ច។ បន្ថែមពីនេះ គណៈប្រតិភូក៏បានចុះអនុវត្តផ្ទាល់នៅការដ្ឋានសំណង់ ទស្សនកិច្ចមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារកូរ៉េ និងពិភាក្សាជាមួយក្រសួងការងារ និងមុខរបរសាធារណរដ្ឋកូរ៉េ អំពីកិច្ចសហប្រតិបត្តិការនាពេលអនាគត។


ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណ រគុណរដ្ឋាភិបាល និងប្រជាជនកូរ៉េ ចំពោះការគាំទ្រ និងជំនួយបច្ចេកទេសដល់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍវិស័យសុវត្ថិភាព និងសុខភាពការងារ រួមទាំងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ និង ILO ក្នុងការលើកកម្ពស់ការងារសមរម្យ សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតក្នុងវិស័យសំណង់នៅកម្ពុជា៕

ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





