លោកជំទាវ ពុំ ចន្ទីនី ជួបប្រជុំពិភាក្សាការងារជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦-- លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី បានជួបពិភាក្សាការងារសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៧ ជាមួយឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ដោយមានការអញ្ជើញចូលពីហេរញ្ញិក លេខាធិការគណៈកម្មាធិការសាខាខេត្ត និងលោកស្រីបណ្ឌិតនាយិកាសាខាខេត្ត នៅសាលប្រជុំតូចសាខាខេត្ត នាថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២៦។

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលអនុវត្តលើវិស័យអាទិភាពទាំង៤ និងគោរពតាមគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម រួមមាន៖ ១-ភាពមនុស្សធម៌ ២- ភាពមិនលម្អៀង ៣-អព្យាក្រឹតភាព ៤-ឯករាជ្យភាព ៥-សេវាកម្មស្ម័គ្រចិត្ត ៦-ឯកភាព ៧-សកលភាព ស្របតាមយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា (២០២១-២០៣០) ដែលបានបន្ស៊ីជាមួយយុទ្ធសាស្ត្របញ្ជកោណ នីតិកាលទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា។


សូមបញ្ជាក់ផងដែរ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងកំពុងតែបន្តអនុវត្តផែនការសកម្មភាពឆ្នាំ២០២៦ និងផែនការយុទ្ធសាស្ត្រ២០២៦-២០៣០ ផ្តោតទៅលើចំណុចចំនួន ៥ រួមមាន៖ ១.ការពង្រឹង និងពង្រីកភាពធន់ក្នុងសហគមន៍ និងការគាំទ្រជីវភាពរស់នៅ។ ២. ការពង្រឹងភាពជាដៃគូ តម្លាភាព និងគណនេយ្យភាពចំពោះសហគមន៍។ ៣.ការពង្រឹងអភិបាលកិច្ច ប្រព័ន្ធគ្រប់គ្រង និងបរិវត្តកម្មឌីជីថល។ ៤. ការធានានិរន្តរភាពហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារ និង៥. ការអភិវឌ្ឍមូលធនមនុស្ស និងការគ្រប់គ្រងបណ្តាញអ្នកស្ម័គ្រចិត្ត-យុវជន កាកបាទក្រហមកម្ពុជា៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





