វគ្គបណ្តុះបណ្តាលស្តីពីយេនឌ័រ និងសុខភាពភ្នែក ជូនដល់មន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់/ឃុំ
AKP កំពង់ធំ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦-- មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយនាយកដ្ឋានស្រ្តី និងសុខភាពនៃក្រសួងកិច្ចការនារី និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការមូលនិធិហ្រ្វេដហូឡូ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី យេនឌ័រ និងសុខភាពភ្នែក ជូនដល់មន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់/ ឃុំ ក្រោមអធិបតីភាពលោកស្រី លំ គន្ធារី អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកំពង់ធំកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមចំនួន៤០នាក់ (ស្រី៣៨នាក់)។
លោកស្រី លំ គន្ធារី បានគូសបញ្ជាក់ថា សុខភាពភ្នែកគឺជាផ្នែកមួយដ៏សំខាន់នៃសុខុមាលភាពនិងគុណភាពជីវិតរបស់មនុស្ស ព្រោះភ្នែកជាអវៈយវៈដ៏សំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃ ការសិក្សា ការងារ ការទំនាក់ទំនងនឹង ការចូលរួមក្នុងសង្គម។ នៅក្នុងសម័យបច្ចុប្បន្ន ដែលបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ការប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិក ដូចជា ទូរស័ព្ទដៃ កុំព្យូទ័រ និងថេបប្លែត បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។ ទន្ទឹមនឹងអត្ថប្រយោជន៍ជាច្រើន ការប្រើប្រាស់អេក្រង់ជាបន្តបន្ទាប់ រយៈពេលយូរក៏អាចប៉ះពាល់ដល់ភ្នែក ពាក់ព័ន្ធនឹងរោគសញ្ញា ដូចជាភ្នែកស្ងួត ឈឺភ្នែក មើលមិនច្បាស់ និងបញ្ហាគំហើញមួយចំនួន។


លោកស្រីអភិបាលរងខេត្តបានបន្តថាឦការអប់រំផ្សព្វផ្សាយ និងការថែទាំ ពិនិត្យ និងព្យាបាលសុខភាពភ្នែក ត្រូវធ្វើទន្ទឹមគ្នាជាមួយ ការយកចិត្តទុកដាក់លើ សមភាពយេនឌ័រ និងបរិយាបន្ន ដោយមិនទុកនរណាម្នាក់ចោលឡើយ។ ការងារនេះ ក៏ស្របតាមចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងយកចិត្ត ទុកដាក់លើការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងក្មេងស្រី ព្រមទាំង ក្រុមប្រជាជនដែលងាយរងគ្រោះ និងជនមានពិការភាព ដើម្បីធានាឱ្យពួកគេអាចចូលរួមយ៉ាងសកម្ម និងស្មើ ភាពក្នុងគ្រប់សកម្មភាពនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។


លោកស្រី លំ គន្ធារី បានមានប្រសាសន៍បន្តថា តាមរយៈកម្មវិធីវគ្គបណ្តុះបណ្តាលនាឱកាសនេះ លោក លោកស្រី និងបងប្អូន សិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹង និងការយល់ដឹងបន្ថែមអំពីសុខភាពភ្នែក ព្រមទាំងវិធីថែទាំនិងការពារភ្នែករបស់យើងឱ្យបានត្រឹមត្រូវ និងយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលថ្ងៃនេះនិង ផ្សព្វផ្សាយបន្ត ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ប្រសិនបើមានរោគសញ្ញាដូចជា ឈឺភ្នែក ភ្នែកមើលមិនសូវច្បាស់ ស្រអាប់ ឬមានការប្រែប្រួលនៃការមើលឃើញ សូមកុំមើលរំលង ឬពន្យារពេល សូមទៅពិនិត្យ និងទទួលបានការប្រឹក្សាពីអ្នកជំនាញ ឬសេវាសុខភាពភ្នែកដែលមានសមត្ថភាព ឱ្យបានទាន់ពេលវេលា ដើម្បីអាចរកឃើញបញ្ហាបានឆាប់ និងទទួលបានការថែទាំឬព្យាបាលសមស្រប៕

ដោយ ស៊ុម វណ្ណា





