ពិធីសម្ពោធឆ្លងព្រះវិហារ និងសមិទ្ធផលនានា នៅក្នុងវត្តគិរីវង្ស
AKP តាកែវ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦-- សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះសង្ឃនាយករងទី៣គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បាននិមន្តជាអធិបតីក្នុងពិធីសម្ពោធឆ្លងព្រះវិហារ និងសមិទ្ធផលនានា នៅក្នុងវត្តគិរីវង្ស ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចំណុះរដ្ឋបាលខេត្តតាកែវ ចំណុះរដ្ឋបាលស្រុកគិរីវង់ ព្រះសង្ឃ ពុទ្ធបរស័ទជិតឆ្ងាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ។ ពិធីនេះរៀបចំឡើងនៅក្នុងបរិវេណវត្តគិរីវង្ស ស្ថិតនៅក្នុងភូមិដីក្រហមឃុំព្រៃរំដេងស្រុកគិរីវង់ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។


មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់យ៉ាងស៊ីជម្រៅ អំពីតម្លៃនៃសន្តិភាពដែលជាគ្រឹះយ៉ាងរឹងមាំ នាំមកនូវការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ជាពិសេសការផ្តល់សិទ្ធិសេរីភាពពេញលេញ ជូនប្រជាពលរដ្ឋ ក្នុងការជ្រើសរើសជំនឿ និងរៀបចំពិធីបុណ្យសាសនា តាមដែលខ្លួនពេញចិត្ត ដោយគ្មានការបង្ខិតបង្ខំឡើយ។
ឯកឧត្តមអភិបាលខេត្តតាកែវបានមានប្រសាសន៍បន្តថា វិស័យព្រះពុទ្ធសាសនានៅកម្ពុជានាពេលបច្ចុប្បន្ន កំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដែលស្តែងចេញតាមរយៈការកសាង និងអភិវឌ្ឍន៍នៅតាមវត្តអារាមនានា ដូចជាព្រះវិហារ សាលាឆាន់ និងកុដិព្រះសង្ឃជាដើម ក្រោមទឹកចិត្តជ្រះថ្លា របស់ពុទ្ធសាសនិកជនគ្រប់ទិសទី។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្ថែមថា ស្របតាមបាវចនា "ជាតិ សាសនា ព្រះមហាក្សត្រ" រាជរដ្ឋាភិបាលកម្ពុជាតែងតែលើកកម្ពស់ និងចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ព្រះពុទ្ធសាសនាមិនត្រឹមតែជាទីពឹងខាងផ្លូវចិត្ត នាំឱ្យប្រជាពលរដ្ឋរស់នៅជាមួយគ្នា តាមផ្លូវធម៌ដោយសុខសាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងសណ្ដាប់ធ្នាប់ ស្ថិរភាពសង្គម ការថែរក្សាអត្តសញ្ញាណជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ។


ឯកឧត្តមអភិបាលខេត្តតាកែវបានសង្កត់ធ្ងន់ថា សុខសន្តិភាពនិងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន ក្នុងការរុញច្រានប្រទេសជាតិឱ្យមានការអភិវឌ្ឍ និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធារ។ ក្នុងន័យនេះ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តឈរយ៉ាងរឹងមាំ នៅពីក្រោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នារក្សាការពារសន្តិភាពនេះ ឱ្យស្ថិតស្ថេរគង់វង្សជារៀងរហូត៕
ដោយ អ៊ុច សៀង





