សូមចូលរួមសម្អាតអនាម័យតាមដងផ្លូវសាធារណៈ និងរក្សាភូមិឋានឱ្យស្អាតទាំងអស់គ្នាដើម្បីអនាគតកម្ពុជាបៃតង
AKP កំពង់ធំ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦-- សូមចូលរួមសម្អាតអនាម័យតាមដងផ្លូវសាធារណៈនិងរក្សាភូមិឋានឱ្យស្អាតទាំងអស់គ្នាដើម្បីអនាគតកម្ពុជាបៃតង។ នេះជាប្រសាសន៍របស់លោក ជា វ៉ាន់ចាន់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ក្នុងឱកាសប្រារព្ធទិវាសម្អាតពិភពលោកលើកទី៩ក្រោមមូលបទ "៥%នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ" នៅបរិវេណសាលាស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជានិងប្រជាពលរដ្ឋសរុបចំនួន៣២៥នាក់។


លោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានគូសបញ្ជាក់ថា ការចូលរួមយ៉ាងផុសផុលក្នុងសកម្មភាពសម្អាតបរិស្ថានតាមដងផ្លូវសាធារណៈ និងតំបន់ភូមិដ្ឋានដោយបង្ហាញពីស្មារតីសាមគ្គីភាពនិងការប្តេជ្ញាចិត្តក្នុងការរួមចំណែកថែរក្សាអនាម័យនិងបរិស្ថានឱ្យបានស្អាត និងមានសោភ័ណភាព។ សកម្មភាពនេះក៏ជាការចូលរួមលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីផលប៉ះពាល់នៃការកើនឡើងនៃសំណល់ប្លាស្ទិកចំពោះបរិស្ថាន និងភពផែនដីព្រមទាំងជំរុញឱ្យមានការចូលរួមកាន់តែទូលំទូលាយក្នុងការកាត់បន្ថយនិងគ្រប់គ្រងសំណល់ប្លាស្ទិក។ ការប្រារព្ធទិវាសម្អាតពិភពលោកនេះគឺជាសកម្មភាពមួយដែលបង្ហាញពីការចូលរួមរបស់គ្រប់ភាគីក្នុងការរក្សាអនាម័យបរិស្ថាន និងរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាកាន់តែស្អាត និងបៃតង។សូមចូលរួមសម្អាតអនាម័យតាមដងផ្លូវសាធារណៈ និងរក្សាភូមិឋានឱ្យស្អាតទាំងអស់គ្នា ដើម្បីអនាគតកម្ពុជាបៃតង។


លោក ជា វ៉ាន់ចាន់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបចូលរួមយ៉ាងសកម្មក្នុងការថែរក្សាអនាម័យ បរិស្ថាននិងសោភ័ណភាពនៅតាមគេហដ្ឋាន សហគមន៍ សាលារៀនកន្លែងធ្វើការនិងទីសាធារណៈនានា។ ការចូលរួមរបស់យើងម្នាក់ៗ ទោះបីជាតិចតួចក៏ដោយគឺជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកបង្កើតបរិស្ថានស្អាត បៃតង និងមានសុខភាពល្អ។ សូមចាប់ផ្តើមពីខ្លួនយើង ដោយមិនបោះសំរាមចោលតាមទីសាធារណៈ បែងចែក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រើតែម្តងនិងចូលរួមសម្អាតបរិស្ថានជាប្រចាំ។ ជាពិសេសសូមឱ្យការចូលរួមក្នុងទិវានេះ មិនមែនបញ្ចប់ត្រឹមតែមួយថ្ងៃនោះទេ ប៉ុន្តែសូមបន្តធ្វើជាទម្លាប់ប្រចាំថ្ងៃ ដើម្បីឱ្យសហគមន៍របស់យើងកាន់តែស្អាត មានសណ្តាប់ធ្នាប់និងប្រកបដោយបរិស្ថានល្អសម្រាប់កូនចៅជំនាន់ក្រោយ។ បងប្អូនទាំងអស់៖ “សំរាមមួយដុំដែលយើងមិនបោះចោលគឺជាការចូលរួមមួយជំហានដើម្បីការពារបរិស្ថានរបស់យើង”។បងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នា “សម្អាតថ្ងៃនេះ បង្កើតទម្លាប់ល្អជារៀងរាល់ថ្ងៃ” ដើម្បីកម្ពុជាស្អាតបរិស្ថានប្រកបដោយចីរភាព និងសុខភាពល្អសម្រាប់យើងគ្រប់គ្នា៕

ដោយ ស៊ុម វណ្ណា





