ឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវទិសដៅការងារ៧ចំណុចដល់កងកម្លាំងសម្រាប់អនុវត្តបន្ត
AKP កំពង់ធំ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦-- លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដាក់ចេញនៅទិសដៅការងារចំនួន៧ចំណុចដល់កងកម្លាំងសម្រាប់អនុវត្តបន្ត ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការរយៈពេល៩ខែ ឆ្នាំ២០២៦ ព្រមទាំងលើកទិសដៅការងារសម្រាប់អនុវត្តបន្តនៅសាលប្រជុំស្នងការនគរបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីកងកម្លាំងនគរបាលចំនួន២៧៥នាក់។
លោកឧត្តមសេនីយ៍ទោ ហេង សុផល បានមានប្រសាសន៍ថា កិច្ចប្រជុំគឺជាវេទិកាសម្រាប់ពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ និងចំណេះដឹងព្រមទាំងត្រួតពិនិត្យនិងវាយតម្លៃលើលទ្ធផលការងារដែលបានអនុវត្តកន្លងមកដើម្បីស្វែងរកបញ្ហាប្រឈមនិងកំណត់ទិសដៅការងារថ្មីៗសំដៅធានាឱ្យការអនុវត្តការងារបន្តទទួលបានប្រសិទ្ធភាពនិងសម្រេចលទ្ធផលកាន់តែប្រសើរ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោស្នងការបានលើកឡើងអំពីសភាពការណ៍ជាតិនិងអន្តរជាតិព្រមទាំងបញ្ហាប្រឈមមួយចំនួនដែលអាចជះឥទ្ធិពលដល់សន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពសង្គមនិងបានណែនាំដល់កងកម្លាំងនគរបាលគ្រប់ផ្នែក ត្រូវបន្តពង្រឹងការងារជំនាញ យកចិត្តទុកដាក់លើការបង្ការ ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។


លោកឧត្តមសេនីយ៍ទោ ហេង សុផល បានដាក់ចេញនូវទិសដៅការងារសំខាន់ៗចំនួន៧ចំណុចសម្រាប់អនុវត្តបន្ត រួមមាន៖ ទី១. ការងារសន្តិសុខត្រូវបន្តពង្រឹងរបៀបរបបការងារជំនាញ សំដៅថែរក្សា ការពារសន្តិសុខជាតិ ស្ថិរភាពនយោបាយនិងសណ្តាប់ធ្នាប់សង្គមដែលជាមូលដ្ឋានសម្រាប់សន្តិភាពនិងការអភិវឌ្ឍ។ ទី២. ការងារនគរបាលព្រហ្មទណ្ឌ ត្រូវបន្តអនុវត្តផែនការជាក់លាក់និងពង្រឹងវិធានការជំនាញដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ ប្លន់ ក្មេងទំនើង ល្បែងស៊ីសង។ ទី៣. ការងារប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវបង្កើនការអនុវត្តវិធានការរដ្ឋបាល ការអប់រំផ្សព្វផ្សាយ ការអនុវត្តច្បាប់ ការស្តារនីតិសម្បទានិងកិច្ចសហប្រតិបត្តិការ ព្រមទាំងបន្តបង្ក្រាបបទល្មើសគ្រឿងញៀនជាប្រចាំតាមទិសស្លោក" ៣កុំ ១រាយការណ៍"៖ "កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត កុំប្រើប្រាស់គ្រឿងញៀន កុំអន្តរាគមន៍រារាំងការអនុវត្តច្បាប់ចំពោះជនល្មើសនិងកុំលើកលែងការអនុវត្តច្បាប់"។ "១រាយការណ៍" គឺត្រូវរាយការណ៍ជូនសមត្ថកិច្ចអំពីមុខសញ្ញាជួញដូរចែកចាយ ប្រើប្រាស់ទីតាំងផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់។ ទី៤. ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក កងកម្លាំងបន្តធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងការគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បង្កើនការអប់រំ និងផ្សព្វផ្សាយច្បាប់ឱ្យបានចំគោលដៅ ជាពិសេសក្រុមដែលងាយរងគ្រោះ ព្រមទាំងបន្តចុះល្បាត ត្រួតពិនិត្យតាមភូមិសាស្ត្រ ជួយសម្រួលចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់នៅតាមទីប្រជុំជន រោងចក្រ សហគ្រាស សាលារៀន និងទីតាំងប្រមូលផ្តុំផ្សេងៗ។ ទី៥. ការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបន្តបញ្ចុះកម្លាំងសហការជាមួយមន្ត្រីជំនាញ តាមគោលដៅ និងទីបញ្ជាការស្រាលដើម្បីឆ្លើយតបនឹងកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើស និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ទី៦. ការងារស្ថិតិប្រជាពលរដ្ឋ ត្រូវបន្តចុះអនុវត្តវិធានការរដ្ឋបាលជាប្រចាំ ធ្វើបច្ចុប្បន្នភាពការប្រែប្រួលប្រជាពលរដ្ឋ ចំណូលនិងចំណាកស្រុក ព្រមទាំងគ្រប់គ្រង និងត្រួតពិនិត្យវត្តមានជនបរទេសដែលស្នាក់នៅក្នុងភូមិសាស្ត្រខេត្ត។ ជាមួយនេះ ត្រូវបង្កើនការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះការឆបោកតាមប្រព័ន្ធអនឡាញ និងការឆបោកតាមបច្ចេកវិទ្យាគ្រប់រូបភាព ដើម្បីរួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ និងទី៧. ការងារអត្តសញ្ញាណកម្ម ត្រូវបន្តយកចិត្តទុកដាក់លើការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ដូចជា ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសេវារដ្ឋបាលពាក់ព័ន្ធផ្សេងៗ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។


លោកឧត្តមសេនីយ៍ទោស្នងការបានក្រើនរំលឹក និងណែនាំដល់ស្នងការរង នាយការិយាល័យជំនាញ អធិការនគរបាលក្រុង-ស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨១ឃុំ-សង្កាត់ ត្រូវបន្តពង្រឹងការគ្រប់គ្រងកម្លាំងក្រោមឱវាទឱ្យអនុវត្តបានត្រឹមត្រូវតាមបទវិន័យនគរបាលជាតិនិងបទបញ្ជាពាក់ព័ន្ធ។ កងកម្លាំងបន្តយកចិត្តទុកដាក់ក្តាប់សភាពការណ៍ប្រមូលព័ត៌មាន និងហេតុការណ៍ដែលកើតឡើងក្នុងមូលដ្ឋានដើម្បីរាយការណ៍ឱ្យបានទាន់ពេលវេលានិងចេញអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព។ ត្រូវបន្តផ្តល់សេវាជូនប្រជាពលរដ្ឋដោយតម្លាភាព និងស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងនគរបាលសហគមន៍ ព្រមទាំងពង្រឹងរបបប្រជុំនិងរបបរាយការណ៍ឱ្យបានទៀងទាត់និងទាន់ពេលវេលា៕
ដោយ ស៊ុម វណ្ណា





