គណៈកម្មាធិការទី១នៃព្រឹទ្ធសភា បើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តតាកែវ
AKP តាកែវ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦-- គណៈកម្មាធិការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹង អង្កេត និងអធិការកិច្ច (គណៈកម្មាធិការទី១) នៃព្រឹទ្ធសភា បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាពរបស់ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មាធិការទី១នៃព្រឹទ្ធសភា និងប្រតិភូគណៈកម្មាធិការទី១នៃព្រឹទ្ធសភា ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តតាកែវ លោក លោកស្រីអភិបាលរងខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធ។


ក្នុងជំនួបពិភាក្សាការងារក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងប្រាប់គណៈប្រតិភូព្រឹទ្ធសភា អំពីការរីកចម្រើនលើគ្រប់វិស័យនៅក្នុងខេត្ត។ក្នុងនោះកំណើនរោងចក្រសហគ្រាសថ្មីៗ បានបន្តកើនឡើងគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យអត្រាការងារក្នុងខេត្តមានកម្រិតខ្ពស់។ រហូតមកដល់ពេលនេះ ខេត្តតាកែវមានរោងចក្រ និងសហគ្រាសសរុបជាង១០០០មូលដ្ឋាន ដោយបានបង្កើតឱកាសការងារជូនបងប្អូនកម្មករនិយោជិត ជិត១៧ម៉ឺននាក់ ការបង្កើតឱកាសការងារនេះ បាននាំមកនូវការចំណាយលើប្រាក់បៀវត្សរ៍ជូនកម្មករនិយោជិតក្នុងមួយឆ្នាំៗ សរុបប្រមាណជាង៥០០លានដុល្លារអាមេរិក។

ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ថា កំណើនរោងចក្រ សហគ្រាសនៅក្នុងខេត្តតាកែវ មិនត្រឹមតែបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយអត្រាអត់ការងារធ្វើ និងទប់ស្កាត់ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ ទៅស្វែងរកការងារធ្វើនៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មាធិការទី១នៃព្រឹទ្ធសភា បានលើកឡើងអំពីគោលបំណងនៃដំណើរទស្សនកិច្ចនេះថា គណៈកម្មាធិការទី១នៃព្រឹទ្ធសភា បានចុះជួបផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋានក្នុងក្រុងដូនកែវ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ព្រមទាំងសំណូមពរផ្សេងៗ។

ជាមួយគ្នានេះ ឯកឧត្តម ងី ច័ន្រ្ទផល ក៏បានលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរខេត្តតាកែវ ឱ្យបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខេត្ត ឱ្យកាន់តែរីកចម្រើនទ្វេឡើងបន្ថែមទៀត។និងត្រូវបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង៕
ដោយ អ៊ុច សៀង





