សិក្ខាសាលាផ្សព្វផ្សាយសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦-- លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍ មូលដ្ឋាន សម្របសម្រួលបន្សំនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាព។ សិក្ខាសាលានេះធ្វើនៅសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលស្រុក ថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរផែនការ ថ្នាក់ដឹនាំមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុក អង្គការសមាគម និងដៃគូអភិវឌ្ឍន៍នានាផងដែរ។

ក្នុងឱកាសនោះ លោក ឈឹម វុទ្ធា បានមានប្រសាសន៍ថា កម្មវិធីវិនិយោគ៣ឆ្នាំរំកិលមានសារៈសំខាន់ណាស់សម្រាប់គ្រប់អង្គភាព ស្ថាប័ន ដើម្បីបម្លែងគោលដៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ ផែនការអភិវឌ្ឍខេត្តឱ្យទៅជាគម្រោងសកម្មភាព ឬសេវាជាក់ស្តែងសំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង សម្រាប់បីឆ្នាំរំកិល និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។


ទន្ទឹមនឹងនោះ លោកបានមានប្រសាសន៍បន្តថា ក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ត្រូវបានរៀបចំឡើងដោយផ្អែកលើ ឧបករណ៍ជាមូលដ្ឋាន យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ (២០២៧-២០២៩) ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អនុក្រឹត្យប្រកាសអន្តរក្រសួងគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់ការកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំ របស់ក្រុមប្រឹក្សាខេត្ត ឯកសារស្ថានភាពខេត្តកំពង់ឆ្នាំង ផែនការគ្រប់គ្រងចំណូលចំណាយថវិការរបស់រដ្ឋបាលខេត្ត និងលិខិតបទដ្ឋានគតិយុត្តនានាជាមូលដ្ឋាន។

ក្នុងបរិបទនេះ លោកអភិបាលរងបានបន្ថែមទៀតថា កម្មវិធីវិនិយោគជាឧបករណ៍សំខាន់សម្រាប់បង្ហាញនូវគម្រោងសកម្មភាព ឬសេវាអាទិភាពនានារបស់ខេត្ត ដល់ដៃគូពាក់ព័ន្ធទាំងទីភ្នាក់ងាររដ្ឋ អង្គការសង្គមស៊ីវិល ផ្នែកឯកជន សប្បុរសជន និងប្រជាពលរដ្ឋ ដើម្បីកៀរគរធនធានចូលរួមផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍មូលដ្ចានទៅតាមជំហាននីមួយៗដែលបានអនុវត្តកន្លងមកទាមទារឱ្យមានការចូលរួមពិនិត្យ ពិភាក្សា និងកែសម្រួលក្នុងកិច្ចប្រជុំក្រុមការងារ ស្របតាមក្របខ័ណ្ឌពេលវេលា។ រួមចំណែកកំណើនសេដ្ឋកិច្ចទូទាំងខេត្ត ក៏ដូចជាឧបករណ៍ផ្នែកគោលនយោបាយសម្រាប់ប្រែក្លាយគោលការណ៍ណែនាំរបស់ក្រុមប្រឹក្សាខេត្ត និងមានការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន៕
ដោយ បៃ ស៊ីថុន





