មន្ទីរបរិស្ថានខេត្តកណ្តាល និងអង្គការសំអាតទន្លេ សមុទ្រ រៀបចំទិវាសម្អាតពិភពលោកលើកទី៩ នៅក្រុងតាខ្មៅ
AKP កណ្ដាល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦-- មន្ទីរបរិស្ថានខេត្តកណ្តាល សហការជាមួយអង្គការសំអាតទន្លេ សមុទ្រ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំប្រារព្ធ ទិវាសម្អាតពិភពលោកលើកទី៩ (9th World Cleanup Day) នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពីរដ្ឋបាលក្រុងតាខ្មៅ ព្រះសង្ឃ លោក លោកស្រី មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក. យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សជាច្រើនរូប។

ក្នុងឱកាសនោះ លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល បានមានប្រសាសន៍ថា ការរៀបចំទិវាសម្អាតពិភពលោកលើកទី៩ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលផ្តោតលើ «ស្អាត បៃតង និងចីរភាព»។សកម្មភាពនេះក៏បានរួមចំណែកដល់ការអនុវត្តយុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំណល់ប្លាស្ទិក» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលមានគោលបំណងរួមគ្នាថែរក្សាទឹកស្អាត ដីស្អាត និងខ្យល់ស្អាត ព្រមទាំងស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រៅពីការរៀបចំនៅទីតាំងនេះ រដ្ឋបាលខេត្តកណ្តាលក៏បាននិងកំពុងជំរុញឱ្យមានការរៀបចំសកម្មភាពសម្អាតនៅតាមភូមិ ឃុំ សង្កាត់ ក្រុង និងស្រុកទូទាំងខេត្ត ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការថែរក្សាអនាម័យ និងបរិស្ថាន។

លោកប្រធានមន្ទីរបរិស្ថានខេត្តបានលើកឡើងពីសារៈសំខាន់នៃការគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជនឱ្យបានត្រឹមត្រូវ ដើម្បីធានាសោភ័ណភាពទីក្រុង កិច្ចគាំពារសុខភាពសាធារណៈ និងការការពារបរិស្ថាន។ ប្រជាពលរដ្ឋគួរចូលរួមវេចខ្ចប់ និងញែកសំរាម សំណល់រឹងដែលអាចប្រើប្រាស់ឡើងវិញ ឬកែច្នៃបាន ដាក់ដោយឡែកពីសំណល់ដែលត្រូវបោះចោល ស្របតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកណ្តាល។


លោកក៏បានអំពាវនាវដល់គ្រប់ស្ថាប័ន អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តពង្រឹងស្មារតី និងការប្តេជ្ញាចិត្តក្នុងការចូលរួមថែរក្សាអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងបន្តផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋគ្រប់ស្រទាប់ឱ្យយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃបរិស្ថានចំពោះជីវភាព សុខុមាលភាព និងភាពស៊ីវិល័យនៃការរស់នៅ។តាមរយៈការចូលរួមរបស់គ្រប់ភាគី ទិវាសម្អាតពិភពលោកនេះ ត្រូវបានរំពឹងថានឹងរួមចំណែកលើកកម្ពស់ស្មារតីស្រឡាញ់បរិស្ថាន និងជំរុញឱ្យការថែរក្សាអនាម័យ និងបរិស្ថានក្លាយជាការអនុវត្តប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្តាល៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





