សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅវត្តក្រពើហា
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦--សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃសុក្រទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានចាត់ឱ្យលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា និងលោកជំទាវ ពុំ ចន្ទីនី អគ្គ លេខាធិការ ព្រមទាំងសហការី អញ្ជើញបូជាគ្រឿងសក្ការៈថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខា និងបច្ច័យទៅវេរប្រគេនចំពោះ ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះលេខាធិការគណខេត្តកណ្តាល ព្រះនាយកពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី (ហៅក្រពើហា) ដែលស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តក ណ្តាល ដើម្បីជួយសម្រាលការលំបាកដល់ព្រះសង្ឃ ៣២៣អង្គ ដែលកំពុងបំពេញវិជ្ជានៅពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា។

ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសុខុមាលភាពរបស់ព្រះសង្ឃ និងតែងតែលើកទឹកចិត្ត ចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ហើយជាពិសេសតែងតែជួយសម្រាលការលំបាកដល់ព្រះសង្ឃដែលគង់នៅក្នុងវត្ត ក៏ដូចជាព្រះសង្ឃកំពុងបំពេញវិជ្ជានៅពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា ដែលតែងតែទទួលការឧបត្ថម្ភ ៣លើក ក្នុង១ឆ្នាំៗ។

ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ក៏បានសម្រើនសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសូមឧទ្ទិសនូវផលានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី (ត្រូវជាមាតាបិតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត), ដួងវិញ្ញាណក្ខន្ធ លោកជំ ទាវមហាសទ្ធាភិរក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា, អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក (ត្រូវជាមាតាបិតាបង្កើត សម្តេចអគ្គមហាសេនាបតីតេជោ), កុមារា ហ៊ុន កំសត់ ព្រមទាំងឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ ជីដូនជីតា និងបុព្វការីជនទាំងអស់សូមបានទទួលយកមនុញ្ញ ផល និងងាកក្រោយឱ្យពរជ័យជូនដល់សម្តេចទាំងទ្វេ និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន រស់នៅក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍។

ទេយ្យវត្ថុ រួមមាន៖ អង្ករ ៥តោន, មី ៥០កេស, ត្រីខ ៥កេស, ស្ករស ២៥គីឡូក្រាម, ទឹកភេសជ្ជៈចំរុះ ២០កេស, ទឹកបរិសុទ្ធ ២០កេស, ទឹកដោះគោខាប់ ២កេស, កាហ្វេហ្គោរ៉ូស ១០កញ្ចប់, តែ ២គីឡូក្រាម, ទឹកត្រី ២០យួរ, ទឹកស៊ីអ៊ីវ ២០យួរ, ត្រីងៀត ១២គីឡូក្រាម, សាច់ក្រក ១២គីឡូក្រាម, ផ្លែឈើស្រស់ ១កន្ត្រក និងបច្ច័យ ៤០លានរៀល។

ប្រគេនព្រះចៅអធិការវត្ត នូវ សាដក ១ និងបច្ច័យ ២លានរៀល។
ប្រគេនព្រះសង្ឃគង់អម ៤អង្គ ក្នុងមួយអង្គៗ សាដក១ និងបច្ច័យ ១លានរៀល៕
ដោយ៖ ពេជ្រ សំអឿន ,ប្រភព៖កាកបាទក្រហមកម្ពុជា





