អនុរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើងចូលរួមវេទិកាការពារជាតិចិន
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបានរាយការណ៍កាលពីថ្ងៃពុធថា លោក គីម កាង-អ៊ីល(Kim Kang-il) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើង បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមក្នុងវេទិកាការពារជាតិប្រចាំឆ្នាំរបស់ប្រទេសចិន។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង (KCNA) បានរាយការណ៍ថាគណៈប្រតិភូកូរ៉េខាងជើងមួយក្រុមដែលដឹកនាំដោយលោក គីម បានធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិព្យុងយ៉ាងមួយថ្ងៃមុន ដើម្បីចូលរួមក្នុងវេទិកា Beijing Xiangshan លើកទី១៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍។
យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មន្ត្រីមកពីក្រសួងការពារជាតិកូរ៉េខាងជើង និងស្ថានទូតចិនប្រចាំទីក្រុងព្យុងយ៉ាង បានជូនដំណើរពួកគេ។
ប្រទេសកូរ៉េខាងជើងបានចូលរួមក្នុងវេទិកានេះជាលើកដំបូងនៅឆ្នាំ២០១៨ និងបានចូលរួមម្តងទៀតនៅឆ្នាំបន្ទាប់ ដែលដឹកនាំដោយលោកគីម យ៉ុង-រ្យុង (Kim Hyong-ryong) ដែលនៅពេលនោះជានាយករងនៃក្រសួងកងកម្លាំងប្រដាប់អាវុធប្រជាជន។
នៅក្នុងការរៀបចំវេទិកាពីរលើកចុងក្រោយនេះ មានសេចក្តីរាយការណ៍ថា មន្ត្រីយោធាប្រចាំស្ថានទូតកូរ៉េខាងជើងនៅប្រទេសចិនជាអ្នកចូលរួមជំនួសវិញ នៅចំពេលដែលទំនាក់ទំនងទ្វេភាគីមានភាពតានតឹង។
ការសម្រេចចិត្តរបស់ប្រទេសកូរ៉េខាងជើងក្នុងការបញ្ជូនអនុរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនទៅចូលរួមវេទិកាឆ្នាំនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលមួយនៅទីក្រុងព្យុងយ៉ាងកាលពីខែមិថុនា ដែលក្នុងនោះមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានប្តេជ្ញាពង្រឹងការផ្លាស់ប្តូរទំនាក់ទំនងកម្រិតកំពូល៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





