ប្រធានាធិបតីអេហ្ស៊ីប និងព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត បានជួបពិភាក្សាគ្នាអំពីទំនាក់ទំនង និងសន្តិសុខក្នុងតំបន់
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ -- កាលពីថ្ងៃអង្គារប្រធានាធិបតីអេហ្ស៊ីប លោក អាប់ដេល ហ្វាតតាហ៍ អាល់ ស៊ីស៊ី (Abdel-Fattah al-Sisi) បានជួបជាមួយព្រះអង្គម្ចាស់រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ម៉ូហាមមេដ ប៊ីន សាលម៉ាន់ ប៊ីន អាប់ឌុលឡាហ្ស៊ីស អាល់ សូដ (Mohammed bin Salman bin Abdulaziz Al Saud) នៅទីក្រុងគែរ ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងសន្តិសុខក្នុងតំបន់។
យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការពីការិយាល័យប្រធានាធិបតីអេហ្ស៊ីប បានឱ្យដឹងថា មេដឹកនាំទាំងពីរបានឯកភាពគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី និងដោះស្រាយឧបសគ្គនានាដែលរារាំងដល់ការកើនឡើងនៃលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា លោក ស៊ីស៊ី បានបង្ហាញពីជំហររបស់ប្រទេសអេហ្ស៊ីបក្នុងការបដិសេធ និងថ្កោលទោសរាល់ការវាយប្រហារ ឬការគំរាមកំហែងណាមួយដែលប៉ះពាល់ដល់អធិបតេយ្យភាព ស្ថិរភាព និងបូរណភាពទឹកដីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។
លោកក៏បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់អេហ្ស៊ីបចំពោះវិធានការនានាដែលប្រទេសអារ៉ាប៊ីសាអូឌីតបានអនុវត្តន៍ដើម្បីការពារសន្តិសុខរបស់ខ្លួន ក៏ដូចជាការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងនានាដើម្បីស្វែងរកដំណោះស្រាយនយោបាយដ៏ទូលំទូលាយ និងប្រកបដោយនិរន្តរភាពចំពោះវិបត្តិនៅក្នុងប្រទេសយេម៉ែន។
ចំណែកឯព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីតវិញ បានកោតសរសើរចំពោះការគាំទ្ររបស់អេហ្ស៊ីបសម្រាប់ស្ថិរភាព និងសន្តិភាពក្នុងតំបន់ ព្រមទាំងភាពសាមគ្គីភាពជាមួយអារ៉ាប៊ីសាអូឌីត ចំពេលដែលមានបញ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយនាពេលថ្មីៗនេះ។
ជំនួបនេះបានធ្វើឡើងចំពេលដែលមានការកើនឡើងនៃការប្រឈមមុខដាក់គ្នាឆ្លងព្រំដែនរវាងក្រុមឧទ្ទាមហ៊ូធី របស់ប្រទេសយេម៉ែននិងប្រទេសអារ៉ាប៊ីសាអូឌីត។
ក្រុមហ៊ូធីបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានបាញ់បង្ហោះមីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើក (drones) ជាច្រើនគ្រាប់ទៅលើមូលដ្ឋានទ័ពអាកាសដ៏សំខាន់មួយនៅភាគនិរតីនៃប្រទេសអារ៉ាប៊ីសាអូឌីត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





