កាហ្សាក់ស្ថាននឹងសាងសង់ឃ្លាំងស្តុកប្រេងឥន្ធនៈសម្រាប់យន្តហោះ និងប្រេងរំអិល ដែលមានតម្លៃប្រហែល ២២,៣លានដុល្លារអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ -- យោងតាមការប្រកាសរបស់ក្រុមហ៊ុនកាលពីថ្ងៃអង្គារ បានឱ្យដឹងថា ក្រុមហ៊ុនប្រេង និងឧស្ម័នរបស់រដ្ឋកាហ្សាក់ស្ថាន គឺ ក្រុមហ៊ុន KazMunayGas (KMG) មានគម្រោងសាងសង់ឃ្លាំងស្តុកប្រេងឥន្ធនៈសម្រាប់យន្តហោះ និងប្រេងរំអិល ដោយគ្រោងចំណាយទុនវិនិយោគប្រមាណ ១០ប៊ីលានតេងហ្គ (ប្រហែល ២២,៣លានដុល្លារអាម៉េរិក) ។
ក្រុមហ៊ុន KMG បានឱ្យដឹងថា ឃ្លាំងនេះនឹងមានសមត្ថភាពស្តុកបានរហូតដល់ ៨.០០០ ម៉ែត្រគូប ហើយនឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំ១០,៩៣ហិកតាក្នុងស្រុកស៊ូរ៉ាន់ នៃតំបន់តួកេស្ថាន នៅភាគខាងត្បូងនៃប្រទេស។
ការសាងសង់គ្រោងនឹងចាប់ផ្តើមនៅត្រីមាសទីមួយនៃឆ្នាំ២០២៧ហើយគេរំពឹងថានឹងបង្កើតការងារបានប្រហែល ៥០កន្លែង នៅពេលដែលឃ្លាំងនេះចាប់ផ្តើមដំណើរការ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





