ឯកឧត្តម វ៉ាត់ ចំរើន ចាត់ទុកក្រុមហ៊ុន ញូ-ធី-រីច ជាគំរូក្នុងការគាំទ្រ អត្តពលិកកម្ពុជាឆ្ពោះទៅអូឡាំពិកហ្គេម នៅសហរដ្ឋអាមេរិក ២០២៨
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានចាត់ទុកថា ញូ-ធី-រីច ជាក្រុមហ៊ុនគំរូមួយដែលបានឈានជើងមកចូលរួមគាំទ្រ សម្រាប់ការរៀបចំយុទ្ធនាការកៀរគរថវិកា «ក្រុមអត្តពលិកអូឡាំពិកកម្ពុជា» ត្រៀមខ្លួនចូលរួមប្រកួតកីឡាអូឡាំពិក (Olympic Games) រដូវក្តៅ ឆ្នាំ២០២៨ នៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក។

នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រុមហ៊ុន ញូ-ធី-រីច នៅការិយាល័យក្រុមហ៊ុន ញូ-ធី-រីច នៅដើមសប្តាហ៍នេះ។

ឯកឧត្ដម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ក្នុងនាមក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការឧបត្ថម្ភគាំទ្រពីវិស័យឯកជន ជាពិសេសក្រុមហ៊ុន ញូ-ធី-រីច ក្នុងកិច្ចសហការនាពេលនេះ គឺជាឆន្ទៈដ៏បរិសុទ្ធរបស់បណ្តាក្រុមហ៊ុនទាំងអស់ គឺជាគំរូដ៏ឆ្នើមក្នុងការជ្រោមជ្រែងកីឡាករ-កីឡាការិនីកម្ពុជា ឱ្យមានកម្លាំងចិត្តបោះជំហានបង្កើតប្រវត្តិសាស្ត្រថ្មីដ៏អស្ចារ្យនាថ្ងៃអនាគត។ ការលះបង់នេះមិនមែនដើម្បីលាភសក្ការៈឡើយ តែដើម្បីមោទនភាពជាតិ។ អត្តពលិកកម្ពុជាហ៊ានប្តូរញើសឈាមហ្វឹកហាត់ គឺដើម្បីកិត្តិយសប្រទេសជាតិសុទ្ធសាធ។ យើងមានសុបិនរួមគ្នាមួយ គឺការបំបែកកំណត់ត្រាដណ្តើមមេដាយអូឡាំពិកដំបូងជូនជាតិ។ ក្នុងកីឡាលំដាប់ពិភពលោកមួយនេះ យើងមិនដែលឈ្នះមេដាយសោះឡើយ ហើយភាពកម្រនេះហើយ ដែលធ្វើឱ្យមេដាយមួយនេះមានតម្លៃជាប្រវត្តិសាស្ត្រ។ ក្រុមហ៊ុន ញូ-ធី-រីច ឯ.ក រួមចំណែកគាំទ្រអត្តពលិកកម្ពុជា បង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យ» សម្រាប់ក្រុមកីឡាអូឡាំពិកកម្ពុជាឆ្ពោះទៅកាន់កីឡាអូឡាំពិក LA ឆ្នាំ២០២៨។

ជាមួយគ្នានេះ លោក ហាន សីហា ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយក ក្រុមហ៊ុន ញូ-ធី-រីច ឯ.ក មានប្រ សាសន៍ថា ការចុះអនុស្សរណៈយោគយល់គ្នារវាង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុ មហ៊ុន ញូ-ធី-រីច ក្នុងគោលបំណងរួមគ្នាបង្កើតក្តីស្រមៃជូនជាតិ ដោយធ្វើឡើងក្រោមប្រធានបទ «រួមគ្នាគាំទ្រអត្តពលិកកម្ពុជា បង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យ» យើងរួមគ្នាគាំទ្រ និងជំរុញកីឡាករ-កីឡាការិនីជម្រើសជាតិ ឆ្ពោះទៅរកមេដាយអូឡាំពិកដំបូងជូនប្រទេសកម្ពុជា។

លោក សាន សីហា បានគូសបញ្ជាក់ទៀតថា ក្រុមហ៊ុនញូ-ធី-រីច គឺជាជំហានដ៏មានអត្ថន័យមួយ ដែលបង្ហាញពីការរួមកម្លាំងរវាងស្ថាប័នជាតិ និងវិស័យឯកជន ដើម្បីគាំទ្រវិស័យកីឡា លើកកម្ពស់សុខភាព និងរួមចំណែកដល់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ការចូលរួមក្នុងយុទ្ធនាការកៀរគរថវិកា «ក្រុមកីឡាអូឡាំពិកកម្ពុជា» ឆ្ពោះទៅកាន់ LA 2028 មិនមែនគ្រាន់តែជាការចូលរួមក្នុងនាមជាដៃគូអាជីវកម្មទេ ប៉ុន្តែជាការបង្ហាញនូវស្មារតីទទួលខុសត្រូវចំពោះសង្គម និងមោទនភាពជាតិ។ ក្នុងន័យនេះ លោកពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានរួមចំណែកទាំងផ្នែកកម្លាំងចិត្ត និងការគាំទ្រផ្នែកសុខុមាលភាព-អាហារូបត្ថម្ភជូនដល់ «ក្រុមកីឡាអូឡាំពិកកម្ពុជា» ក្នុងដំណើរឆ្ពោះទៅកាន់កីឡាអូឡាំពិក LA ឆ្នាំ២០២៨។

អគ្គនាយករូបនេះបានបង្ហាញនូវការគោរព និងការកោតសរសើរចំពោះ កីឡាករ កីឡាការិនី និងគ្រូបង្វឹកកម្ពុជាទាំងអស់ ដែលបានខិតខំហ្វឹកហាត់ ប្រឹងប្រែង តស៊ូ និងលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិ។ ក្នុងនាម ញូ-ធី-រីច លោក សាន សីហា បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយ NOCC ដើម្បីចូលរួមផ្សព្វផ្សាយ និងកៀរគរការគាំទ្រសម្រាប់ក្រុមកីឡាអូឡាំពិកកម្ពុជា ឆ្ពោះទៅកាន់ LA 2028 ស្របតាមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ។ យើងមិនត្រឹមតែចង់ឃើញកីឡាករកម្ពុជាមានវត្តមានក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់ឃើញពួកគេទៅកាន់ឆាកអន្តរជាតិដោយ មោទនភាព ទំនុកចិត្ត កម្លាំងចិត្ត និងការគាំទ្រពីប្រជាជាតិទាំងមូល៕
ដោយ ហេង ណាលីន





