ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន៖ កម្ពុជា ស្នើគណៈកម្មការផ្សះផ្សាឱ្យមានកិច្ចព្រមព្រៀងណាមួយ ឬសន្ធិសញ្ញាស្តីទីការកំណត់ដែនសមុទ្ររួម
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦---
ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទស និងសហប្រតិបត្ដិការអន្ដរជាតិបានគូសបញ្ជាក់ថា តំណាងកម្ពុជា បានស្នើឱ្យគណៈកម្មការផ្សះផ្សាបង្កើតឱ្យមានកិច្ចព្រមព្រៀងណាមួយ ឬសន្ធិសញ្ញាស្តីពីការកំណត់ដែនសមុទ្ររួមគ្នារវាងកម្ពុជា និងថៃ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបានវិលត្រឡប់អញ្ជើញមកពីចូលរួមក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នៅប្រទេសសិង្ហបុរី នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅព្រលានយន្ដអន្ដរជាតិតេជោ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានលើកឡើងថា៖ «កម្ពុជា ចង់ឱ្យមានកិច្ចព្រមព្រៀងណាមួយ ឬសន្ធិសញ្ញាស្តីពីកំណត់រួមគ្នារវាងកម្ពុជា និងថៃ។ កម្ពុជានឹងស្នើឱ្យគណៈកម្មការសម្រុះសម្រួលឱ្យភាគីទាំងពីរអាចត្រូវរ៉ូវគ្នា ហើយអាចរកកិច្ចព្រមព្រៀងណាមួយដើម្បីធ្វើអាជីវកម្មណាមួយលើការចែកផែនការដោយសមធម៌ ដែលទាញយកបានពីធនធានបាតសមុទ្រ»។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបន្ថែមថា ក្នុងករណីដែលកិច្ចព្រមព្រៀងបែបនេះមិនទាន់ធ្វើទៅបាន ឬមិនអាចរកទៅបាន គឺភាគីទាំងពីរនឹងខិតខំស្វែងរកនូវការព្រមព្រៀងគ្នាមួយ ដើម្បីធ្វើការអភិវឌ្ឍរួម ហើយនឹងចែកផលប្រយោជន៍ឱ្យសមធម៌រវាងភាគីទាំងពីរ ដែលកើតចេញពីការធ្វើអាជីវកម្មធនធានក្រោមបាតសមុទ្រ ដែលការធ្វើនេះគឺធ្វើដោយស្មារតីសហប្រតិបត្តិការ និងដោយការគោរពគ្នាទៅវិញទៅមក៕

ដោយ៖ ប៊ុនរិទ្ធ





