មន្ត្រីក្រសួងព័ត៌មានកម្ពុជា ១៤ រូប កំពុងទទួលការបណ្តុះបណ្តាលឯកទេស ស្តីពី «ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាព័ត៌មានសម័យថ្មី» នៅប្រទេសឥណ្ឌា ក្រោមកម្មវិធី ITEC
AKP ញូវដេលី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦--មន្ត្រីកម្ពុជាចំនួន ១៤ រូប កំពុងចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាព័ត៌មានសម័យថ្មី» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកវិទ្យាកុំព្យូទ័រទំនើប (C-DAC) នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។
កម្មវិធីបណ្តុះបណ្តាលឯកទេសនេះ ត្រូវបានរៀបចំឡើងក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) ដែលជាគំនិតផ្តួចផ្តើមពង្រឹងសមត្ថភាពដ៏សំខាន់របស់ប្រទេសឥណ្ឌា បានបង្កើតឡើងក្នុងឆ្នាំ១៩៦៤។


វគ្គបណ្តុះបណ្តាលដែលរៀបចំដោយ C-DAC សហការជាមួយវិទ្យាស្ថានជំនាញច្នៃប្រឌិតឥណ្ឌា (Indian Institute of Creative Skills) បានផ្តល់ឱកាសឱ្យសិក្ខាកាមកសាងសមត្ថភាព ការចែករំលែកបទពិសោធន៍ការងារ និងការអភិវឌ្ឍចំណេះដឹងថ្មីៗផ្នែកព័ត៌មានវិទ្យាបានកាន់តែមានប្រសិទ្ធភាព។


ជាមួយគ្នានេះ សិក្ខាកាមក៏នឹងមានឱកាសចុះបំពេញទស្សនកិច្ចនៅតាមការិយាល័យនិពន្ធព័ត៌មាន ដើម្បីទទួលបានបទពិសោធន៍ និងការយល់ដឹងជាក់ស្តែងអំពីការអនុវត្តប្រព័ន្ធផ្សព្វផ្សាយបែបទំនើបផងដែរ៕

ដោយ៖ គង់ សិរីរ័ត្ន





