លីប៊ី និងអង្គការសហប្រជាជាតិ ពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ និងសន្តិសុខសម្រាប់បេសកកម្មនានានៅទីក្រុងទ្រីប៉ូលី
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ -- យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃប្រទេសលីប៊ី បានឱ្យដឹងថា លោក អេល តាអឺ អេល បាអួ (El-Taher El-Baour) រដ្ឋមន្ត្រីស្តីទីនៃក្រសួងនេះ បានជួបជាមួយមន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា នៅក្នុងជំនួបជាមួយលោកស្រី អ៊ុលរីកា រីឆាដសុន (Ulrika Richardson) ដែលជាអនុតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាអ្នកសម្របសម្រួលប្រចាំប្រទេសរបស់អង្គការសហប្រជាជាតិនៅលីប៊ី ភាគីទាំងពីរបានពិភាក្សាអំពីការងាររបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិនៅក្នុងប្រទេសនេះការសម្របសម្រួលជាមួយស្ថាប័នរដ្ឋរបស់លីប៊ី និងវិធានការនានាដើម្បីធានាសុវត្ថិភាពសម្រាប់បេសកកម្ម និងបុគ្គលិករបស់អង្គការសហប្រជាជាតិ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពិគ្រោះយោបល់ និងការសម្របសម្រួលលើបញ្ហាដែលមានផលប្រយោជន៍រួម ព្រមទាំងការបង្កើនកិច្ចសហប្រតិបត្តិការដើម្បីគាំទ្រដល់ផលប្រយោជន៍ ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសលីប៊ី។
ជំនួបនេះបានធ្វើឡើងចំពេលដែលមានការតវ៉ានៅក្នុងទីក្រុងទ្រីប៉ូលីថ្មីៗនេះ ក្រោមពាក្យស្លោក «មិនយកការតាំងទីលំនៅថ្មី» (No to resettlement) ដោយចោទប្រកាន់អង្គការអន្តរជាតិសម្រាប់ជនចំណាកស្រុក (IOM) ថាបានរៀបចំឱ្យមានការតាំងទីលំនៅថ្មីសម្រាប់ជនចំណាកស្រុកនៅក្នុងប្រទេសលីប៊ី។
កាលពីថ្ងៃទី ៤ ខែមិថុនា អ្នកតវ៉ារាប់រយនាក់បានបិទផ្លូវនៅមុខទីស្នាក់ការកណ្តាលរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នៅភាគខាងលិចទីក្រុងទ្រីប៉ូលី។ នៅដើមខែកញ្ញា អ្នកតវ៉ាក៏បានសម្រុកចូលការិយាល័យរបស់អង្គការ IOM នៅក្នុងទីក្រុងទ្រីប៉ូលីផងដែរ ដែលបង្កឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់បុគ្គលិក និងការបន្តការងាររបស់អង្គការនេះនៅក្នុងប្រទេស។
ប្រទេសលីប៊ីនៅតែជាចំណុចឆ្លងកាត់ដ៏សំខាន់សម្រាប់ជនចំណាកស្រុកដែលធ្វើដំណើរដោយមិនស្របច្បាប់ និងព្យាយាមទៅកាន់ទ្វីបអឺរ៉ុបតាមរយៈសមុទ្រមេឌីទែរ៉ានេ ដោយសារតែប្រទេសនេះមានឆ្នេរសមុទ្រវែង និងមានទីតាំងភូមិសាស្ត្រស្ថិតនៅជិតទ្វីបអឺរ៉ុប៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





