រដ្ឋមន្ត្រីការពារជាតិចិនជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិឡាវ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ -- កាលពីថ្ងៃចន្ទ លោក ដុង ជុន (Dong Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានជួបពិភាក្សាការងារជាមួយលោក ខាមលីអេង អ៊ូថាកាយសុន (Khamlieng Outhakaysone)ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង។
លោក ដុង បានលើកឡើងថា កងទ័ពចិនត្រៀមខ្លួនរួចរាល់ក្នុងការសហការជាមួយកងទ័ពឡាវ ដើម្បីបន្តពង្រឹងការផ្លាស់ប្តូរនៅកម្រិតកំពូលបង្កើនគុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យនានា ផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ការកសាងសហគមន៍ចិន-ឡាវដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី (គ្រប់កាលៈទេសៈ) និងរួមគ្នាថែរក្សាលំនឹងនៅក្នុងតំបន់។
ចំណែកលោក ខាមលីអេង អ៊ូថាកាយសុន បានបញ្ជាក់ថា ភាគីឡាវមានឆន្ទៈក្នុងការពង្រឹងការទំនាក់ទំនង និងការផ្លាស់ប្តូរនៅកម្រិតកំពូលក៏ដូចជានៅកម្រិតផ្សេងៗទៀតរវាងកងទ័ពទាំងពីរ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យនានា ដើម្បីសម្រេចបាននូវលទ្ធផលកាន់តែច្រើនថែមទៀត។
ឆ្នាំនេះគឺជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងប្រទេសឡាវ។
ចាប់តាំងពីថ្ងៃទី៧ ខែកញ្ញាមក កងទ័ពចិន និងឡាវបាននិងកំពុងធ្វើសមយុទ្ធយោធារួមគ្នានៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលមានឈ្មោះថា «Peace Train-2026» (រថភ្លើងសន្តិភាព-២០២៦) ដោយផ្តោតលើការផ្តល់ជំនួយមនុស្សធម៌ និងសេវាវេជ្ជសាស្ត្រ។ សមយុទ្ធនេះគ្រោងនឹងបន្តរហូតដល់ចុងខែកញ្ញា ហើយនេះគឺជាសមយុទ្ធរួមគ្នាលើកទី៦ នៃប្រភេទនេះរវាងកងទ័ពទាំងពីរ ចាប់តាំងពីឆ្នាំ ២០១៧ មក៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





