ឯកឧត្តម ភួង សោភា ជំរុញមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បង្កើនប្រសិទ្ធភាពការងារ ឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍជនបទប្រកបដោយចីរភាព
AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមាន ជ័យ បន្តពង្រឹងប្រសិទ្ធភាពការងារ លើកកម្ពស់សមត្ថភាពមន្ត្រី និងប្រើប្រាស់ធនធានឱ្យបាន ចំគោលដៅ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាព ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធជនបទ ទឹកស្អាត និងអនាម័យ ការអភិវឌ្ឍសហគមន៍ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ។

ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ និងលើកទិសដៅ ការងារត្រីមាសទី៤ ឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ដែលប្រព្រឹត្តទៅនៅ សាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួម ពីឯកឧត្តម ឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក ឃ្លោក នួយ អភិបាលរងខេត្ត លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធ។

ក្នុងឱកាសនោះ ឯកឧត្តម ភួង សោភា បានមានប្រសាសន៍ថា ការបូកសរុបលទ្ធផលការងារ មិនមែនគ្រាន់តែ ជាការវាស់វែងពីអ្វីដែលបានអនុវត្តន៍កន្លងមកប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសម្រាប់ ពិនិត្យមើលចំណុចខ្លាំង ចំណុចខ្វះខាត និងកំណត់វិធានការកែលម្អ ដើម្បីធានាថាការងារអភិវឌ្ឍន៍ ជនបទនៅតាមមូលដ្ឋានអាចឆ្លើយតបបានកាន់តែចំគោលដៅ និងផ្តល់ផលប្រយោជន៍ ជាក់ស្តែងដល់ប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ នឹងបន្តយកចិត្តទុក ដាក់លើការបង្កើនកញ្ចប់ថវិកា ការបណ្ដុះបណ្ដាលបច្ចេកទេស ការពង្រឹងធនធានមនុស្ស និងការផ្តល់មធ្យោបាយចាំបាច់ដល់មន្ទីរអភិវឌ្ឍន៍ជនបទ តាមសំណូមពរ ដើម្បីឱ្យមន្ទីរអាចបំពេញ ភារកិច្ច និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់លើការអនុវត្តកម្មវិធីទាំង៥ របស់ក្រសួងអភិវឌ្ឍន៍ ជនបទឱ្យមានប្រសិទ្ធភាព និងមានភាពជាក់ស្តែងនៅមូលដ្ឋាន ដោយត្រូវផ្តោតលើការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថាន ការអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ ការធ្វើពិពិធកម្ម សេដ្ឋកិច្ចជនបទ ព្រមទាំងការពង្រឹងការគ្រប់គ្រងស្ថាប័ន រដ្ឋបាលទូទៅ និងការប្រើប្រាស់ ប្រព័ន្ធឌីជីថល។

ឯកឧត្តម ភួង សោភា បានលើកឡើងថា ការអភិវឌ្ឍជនបទត្រូវធ្វើឡើង ដោយមានការចូលរួម និងសហការរវាងក្រសួង មន្ទីរ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ដើម្បីធានាថាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈនៅជនបទពិតជាឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។

តាមរបាយការណ៍របស់លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្នុងត្រីមាសទី៣ និងរយៈពេល៩ខែ ឆ្នាំ២០២៦ ការអនុវត្តការងារតាមវិស័យសំខាន់ៗទទួល បានលទ្ធផលគួរឱ្យកត់សម្គាល់។ ក្នុងវិស័យ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ជនបទប្រកបដោយភាពធន់ សម្រេចបាន ៤៦,៩% ក្នុងត្រីមាសទី៣ និងសម្រេចបាន ៧៧,៦៨% ក្នុងរយៈពេល៩ខែ។ វិស័យ ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ សម្រេចបាន ២៥% ក្នុងត្រីមាសទី៣ និង ៦៧,៦% ក្នុងរយៈពេល៩ខែ។ ចំពោះ ការជំរុញអភិវឌ្ឍ សហគមន៍ជនបទ និងចលនាភូមិគំរូ សម្រេចបាន ២០,៨២% ក្នុងត្រីមាសទី៣ និង ៥៩,៧% ក្នុងរយៈពេល៩ខែ ខណៈ ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ សម្រេចបាន ៣៥% ក្នុងត្រីមាសទី៣ និង ៨៨,៣% ក្នុងរយៈពេល៩ខែ។ ដោយឡែក ការគ្រប់គ្រងស្ថាប័ន កិច្ចការរដ្ឋបាលទូទៅ និងឌីជីថល សម្រេចបាន ២៨,៣% ក្នុងត្រីមាសទី៣ និង ៨២,៥% ក្នុងរយៈពេល៩ខែ។
លទ្ធផលទាំងនេះ បង្ហាញពីការខិតខំប្រឹងប្រែងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្នុងការ អនុវត្តផែនការការងារ ប៉ុន្តែក៏ជាមូលដ្ឋានសម្រាប់បន្តពិនិត្យ និងជំរុញការងារដែលនៅសេស សល់ឱ្យសម្រេចបានតាមផែនការដែលបានកំណត់ ជាពិសេសនៅក្នុងត្រីមាសទី៤ ដែលជាដំណាក់កាលសំខាន់សម្រាប់បញ្ចប់ការងារប្រចាំឆ្នាំ។
លោក ឃ្លោក នួយ អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួង អភិវឌ្ឍន៍ជនបទ ដែលតែងតែផ្តល់ការគាំទ្រយ៉ាងសកម្មដល់ រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរអភិវឌ្ឍន៍ជនបទ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋក្នុងខេត្ត។
លោកបានបញ្ជាក់ថា ការគាំទ្ររបស់ក្រសួងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍវិស័យជនបទ និងធ្វើឱ្យមុខមាត់ខេត្តបន្ទាយមានជ័យមានការ ផ្លាស់ប្តូររីកចម្រើនគួរឱ្យកត់សម្គាល់ ព្រមទាំងរួមចំណែកលើកកម្ពស់ជីវភាព និងសុខុមាលភាព របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាការកត់សម្គាល់ ការអភិវឌ្ឍជនបទមិនត្រឹមតែជាការកសាងផ្លូវ ស្ពាន ប្រព័ន្ធទឹក ឬហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតមូលដ្ឋាន សម្រាប់ឱ្យប្រជាពលរដ្ឋនៅជនបទមានឱកាសទទួលបានសេវាសាធារណៈកាន់តែប្រសើរ មាន បរិស្ថានរស់នៅល្អ មានឱកាសសេដ្ឋកិច្ច និងអាចប្រកបរបររកស៊ីបានកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តម ភួង សោភា បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺសំដៅរួមចំណែក សម្រេចចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការកសាង «សង្គមជនបទកម្ពុជា ឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព» ព្រមទាំងរួមចំណែកអនុវត្តន៍ ឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងអាទិភាពគន្លឹះទាំង៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។
ឯកឧត្តមបានបន្ថែមថា ការពង្រឹងសមត្ថភាពស្ថាប័ន ការបង្កើនប្រសិទ្ធភាពការងារ និងការផ្តល់សេវាដែលមានគុណភាពដល់ប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់ក្នុងការជំរុញការ អភិវឌ្ឍជនបទឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងចីរភាព និងរួមចំណែកឆ្ពោះទៅសម្រេច ចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ឈុន សារ៉ាត





