កងកម្លាំងចម្រុះបន្តសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅតំបន់ភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប
AKP កំពង់ធំ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ -- ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់កងកម្លាំងទីបញ្ជាការស្រាលប្រចាំការនៅឃុំពាមបាង សហការជាមួយកងកម្លាំងចម្រុះ បន្តធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ដែលកើតមានឡើងក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប ដឹកនាំដោយលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមទីបញ្ជាការស្រាលប្រចាំការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរបស់កងកម្លាំងចម្រុះ បានធ្វើការកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន៖ របាំងស្បៃមុងចំនួន២៤របាំងប្រវែងជាង១២០០ម៉ែត្រ ឡុកស្បៃមុងចំនួន៣៤គ្រឿង លូឬលប ចំនួន៤៥មាត់ រុះរើរបាំងសាច់អួនលើសប្រវែងកំណត់ចំនួន៣របាំង ប្រវែងជាង៦៥០ម៉ែត្រ ឡុកសាច់អួនចំនួន៦គ្រឿង លូឬលបសាច់អួនចំនួន១២មាត់ ចាក់លែងត្រីស្រស់ចម្រុះប្រមាណ៤០គីឡូក្រាមចូលទន្លេវិញ បង្គោលឈើចំនួន ៩៨០ដើម និងឧបករណ៍នេសាទខុសច្បាប់មួយចំនួនទៀត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលច្បាប់បានហាមឃាត់ ដើម្បីធ្វើឱ្យផលត្រីរបស់យើងបានសំបូរឡើងវិញ។ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្តបន្តសកម្មភាពបង្រា្កបបទល្មើសនេសាទខុសច្បាប់ ឱ្យទទួលបានជោគជ័យដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាជនយើងនៅទូទាំងប្រទេស និងថែរក្សាធនធានមច្ឆជាតិសម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត៕

ដោយ ស៊ុម វណ្ណា





