ប៉ារ៉ាឡាំពិកកម្ពុជាសម្លឹងឃើញធនធានថ្មី៥នាក់ ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ២០២៩
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ -- ការប្រកួតកីឡាអត្តពលកម្មជើងឯកជនពិការកម្ពុជា លើកទី៧ ប្រចាំឆ្នាំ២០២៦ បានបញ្ចប់ជាផ្លូវការ ក្រោយដំណើរការប្រកួតរយៈពេល២ថ្ងៃ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ចាប់ពីថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០២៦ ខណៈឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានសម្លឹងឃើញធនធានយុវជន៥នាក់ ដែលជាឈាមថ្មី ក្នុងការបំប៉នបច្ចេកទេសត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ខាងមុខ។

ឯកឧត្តម យី វាសនា បានគូបញ្ជាក់ថា ការប្រកួតជើងឯកអត្តពលកម្មនេះមានកីឡាករ កីឡាការិនីមានពិការភាពចូលរួមចំនួន៤៩នាក់ ក្នុងនោះមានកីឡាករកីឡាការិនីជាយុវជនមានចំនួន១៦នាក់ ហើយក្នុងចំណោម១៦នាក់នេះ គឺមានធនធានថ្មីៗ៥នាក់ ដែលស្របតាមគោលការណ៍អាយុកំណត់ នាឆ្នាំ២០២៩ ថាមានសមត្ថភាព និងមានទេពកោសល្យដែលគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានឹងជ្រើសរើសយកមកបណ្តុះបណ្តាលក្នុងដំណើរឆ្ពោះទៅកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមអគ្គលេខាធិការបានបន្ថែមថា សម្រាប់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៩ កម្ពុជាគ្រោងដាក់១៣ប្រភេទកីឡា ក្នុងនោះកម្ពុជាត្រូវការធនធានយុវជនវ័យក្មេងឆ្នើមៗដែលជាកីឡាកីឡាការិនីមានពិការភាពប្រមាណ ២០០នាក់។ ឯកឧត្តមអគ្គលេខាធិការ ក៏បានថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុនដៃគូឧបត្ថម្ភ ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសរបស់ជប៉ុន ដែលបានគាំទ្រឧបត្ថម្ភសហការរៀបចំការប្រកួតឱ្យដំណើរទៅដោយរលូន និងបានបញ្ចប់ដោយជោគជ័យ។

សូមបញ្ជាក់ថា ការប្រកួតកីឡាអត្តពលកម្មជើងឯកជនពិការកម្ពុជា ប្រចាំឆ្នាំ២០២៦នេះ រៀបចំដោយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហការដោយអង្គការក្រៅរដ្ឋាភិបាលជប៉ុនបេះដូងមាស លើវិញ្ញាសាសរុបចំនួន១៤ ក្នុងគោលដៅប្រកួតដើម្បីជ្រើសរើសកីឡាករកីឡាការិនីជាជនពិការឆ្នើមៗមកប្រមូលផ្តុំដើម្បីត្រៀមការប្រកួតសម្រាប់ក្នុងស្រុក និងក្រៅប្រទេស៕

ដោយ ហេង ណាលីន





