អ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានអន្តរជាតិ ទទួលបានការបណ្តុះបណ្តាលសង្រ្គោះបឋម ក្នុងកម្មវិធីសារព័ត៌មានក្នុងសមរភូមិ នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី
AKP អង់ការ៉ា, ប្រទេសតួកគី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ -- ក្រុមអ្នកសារព័ត៌មានមកពីប្រទេសកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានអន្តរជាតិជាច្រើនរូបផ្សេងទៀត បានចូលរួមទទួលការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់លើជំនាញសង្រ្គោះបឋម (First Aid) នៅក្នុងវគ្គ បណ្តុះបណ្តាល «សារព័ត៌មានក្នុងសមរភូមិ» (War Journalism) ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី។

ការបណ្តុះបណ្តាលជំនាញសង្រ្គោះបឋមនេះ គឺជាផ្នែកមួយយ៉ាងសំខាន់នៃកម្មវិធីបណ្តុះបណ្តាលសារព័ត៌មានក្នុងសមរភូមិ ដើម្បីបំពាក់បំប៉នសមត្ថភាពដល់អ្នករាយការណ៍ព័ត៌មានឱ្យមានជំនាញការពារខ្លួន និងចេះជួយសង្គ្រោះជីវិតសហការី ឬជនរងគ្រោះផ្សេងទៀត ក្នុងស្ថានភាពអាសន្ន និងគ្រោះថ្នាក់នៅតំបន់ប្រយុទ្ធ ឬតំបន់ដែលមានបាតុភូតចលាចល។

ជាមួយគ្នានេះ ក្នុងវគ្គអនុវត្តជាក់ស្តែង អ្នកសារព័ត៌មានទាំងអស់ត្រូវបានសិក្សា និងហ្វឹកហាត់លើចំណុចសំខាន់ៗ រួមមាន ការឃាត់ឈាម និងរុំរបួស ដោយសិក្សាអំពីវិធីជួយអបដៃ ឬជើងដែលរងគ្រោះបាក់ឆ្អឹង ឬការរលាក និងការសង្កត់មុខរបួសឱ្យទាន់ពេលវេលា ដើម្បីការពារការបាត់បង់ឈាមច្រើន។ ការធ្វើចលនាបេះដូង (CPR) ដោយរៀនអំពីវិធីសាស្ត្រសង្គ្រោះបេះដូង និងដង្ហើមភ្លាមៗដល់ជនរងគ្រោះដែលសន្លប់ ឬឈប់ដកដង្ហើម។ ការដឹកជញ្ជូនជនរងគ្រោះ ដោយរៀនអំពីរបៀបលើក ឬផ្លាស់ទីជនរងគ្រោះចេញពីតំបន់គ្រោះថ្នាក់ទៅកាន់ទីតាំងសុវត្ថិភាពដោយត្រឹមត្រូវ និងកាត់បន្ថយការប៉ះពាល់បន្ថែមលើមុខរបួសជាដើម។
សូមជម្រាបជូនថា ការទទួលបានការហ្វឹកហ្វឺននេះ មិនត្រឹមតែពង្រឹងសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានបរទេសក្នុងបេសកកម្មនៅតំបន់ប្រឈមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន ក្នុងការប្របំពេញភារកិច្ចរាយការណ៍ព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងសុវត្ថិភាពខ្ពស់ផងដែរ៕
ដោយ៖ យា ចិន្តាខន្តី





