វគ្គបណ្តុះបណ្តាលស្តីពីការងារសារព័ត៌មានក្នុងសមរភូមិជាកម្មវិធីតែមួយគត់នៅលើពិភពលោកដែលមានការទទួលស្គាល់ជាអន្តរជាតិជាផ្លូវការ
AKP អង់ការ៉ា ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ -- លោក Fatih İnal អនុប្រធានសាលាបណ្តុះបណ្តាលនគរបាល បានថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល «សារព័ត៌មានក្នុងសមរភូមិ» លើកទី៣០ នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី ថាវគ្គបណ្តុះបណ្តាល ស្តីពីការងារសារព័ត៌មានក្នុងសមរភូមិ (War Journalism) ដែលរៀបចំឡើងដោយសហការជាមួយទីភ្នាក់ងារសារព័ត៌មានអាណាដូលូ (AA) គឺជាកម្មវិធីតែមួយគត់នៅលើពិភពលោកដែលមានការទទួលស្គាល់ជាអន្តរជាតិជាផ្លូវការទៅលើផ្នែកនេះ។ លោកក៏បានបញ្ជាក់ផងដែរថា កម្មវិធីនេះទទួលបានការគាំទ្រដោយបទពិសោធន៍រយៈពេល ១៨២ឆ្នាំរបស់ស្ថាប័ននគរបាលតួកគី និងបទពិសោធន៍រយៈពេល ៨៩ឆ្នាំរបស់សាលាបណ្តុះបណ្តាលនគរបាលតួកគី។
លោក İnal បានសម្តែងក្តីសង្ឃឹមថា ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការបណ្តុះបណ្តាលនេះនឹងមិនចាំបាច់ត្រូវយកទៅប្រើប្រាស់នៅក្នុងសមរភូមិពិតប្រាកដនោះទេ ប៉ុន្តែលោកក៏បានកត់សម្គាល់ថា កម្មវិធីនេះកំពុងដំណើរការនៅក្នុងបរិបទដែលមានសង្គ្រាមកើតឡើងនៅតំបន់ផ្សេងៗនៃពិភពលោក។ លោកបានមានប្រសាសន៍ថា «នៅក្នុងកម្មវិធីនេះ ក្រុមគ្រូឧទ្ទេសនាមដ៏ឆ្នើមរបស់យើង នឹងចែករំលែកបទពិសោធន៍ និងធនធានបច្ចេកវិទ្យាទាំងអស់ដែលយើងមាន»។
លោក Inal បានកត់សម្គាល់ថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងបរិបទនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សង្គ្រាមអ៊ីរ៉ង់-សហរដ្ឋអាមេរិក និងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប៉ាឡេស្ទីន ដោយលោកបានសង្កត់ធ្ងន់ថា សង្គ្រាមទាំងនេះបានបណ្តាលឱ្យអ្នកសារព័ត៌មាន និងកុមារជាច្រើននាក់បាត់បង់ជីវិត។
លោក Inal បានបង្ហាញក្តីសង្ឃឹមថា សង្គ្រាមទាំងនេះនឹងបញ្ចប់ទៅវិញបានឆាប់បំផុត ហើយបានបញ្ជាក់ថា លោកចង់ឧទ្ទិសកម្មវិធីបណ្តុះបណ្តាលនេះជូនដល់អ្នកសារព័ត៌មាន និងជនស៊ីវិលស្លូតត្រង់ដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាម ដោយលោកបានមានប្រសាសន៍ថា «ខ្ញុំចង់ឧទ្ទិសកម្មវិធីនេះជាពិសេសជូនដល់ស្ត្រី និងកុមារស្លូតត្រង់ដែលគ្មានការការពារ ក៏ដូចជាអ្នកសារព័ត៌មាន និងកុមារដែលបានបាត់បង់ជីវិតនៅតំបន់ហ្គាហ្សា (Gaza) ដែលពួកគេបានប្រកបវិជ្ជាជីវៈសារព័ត៌មានប្រកបដោយភាពត្រឹមត្រូវ និងស្មោះត្រង់ ដោយមិនលក់ប៊ិច ព្រលឹង កាមេរ៉ា និងលែនកាមេរ៉ាបស់ពួកគេទៅឱ្យអំណាចណាមួយឡើយ»។ លោកសង្ឃឹមថា សង្គ្រាម និងព្រឹត្តិការណ៍អវិជ្ជមានដ៏សោកសៅទាំងនេះនឹងបញ្ចប់ទៅក្នុងពេលឆាប់ៗនេះ ហើយអ្នកសារព័ត៌មាននឹងរាយការណ៍អំពីអ្វីៗដែលល្អប្រសើរនៅក្នុងពិភពលោកហើយយើងនឹងផ្តល់ការកោតសរសើរដល់ពួកគេតាមរយៈសកម្មភាពទាំងនោះ។
លោក Inal បានបញ្ជាក់ថា ការរាយការណ៍ព័ត៌មាននៅក្នុងសមរភូមិមិនត្រឹមតែគ្របដណ្តប់លើស្ថានភាពនៅសមរូភូមិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវការរាយការណ៍ក្នុងស្ថានភាពលំបាកផ្សេងទៀត ដូចជា គ្រោះរញ្ជួយដី ទឹកជំនន់ និងអគ្គិភ័យផងដែរ ហើយគំរូនៃឥរិយាបថ និងបទពិសោធន៍ទាក់ទងនឹងស្ថានភាពទាំងនេះ ក៏នឹងត្រូវបានចែករំលែកដល់អ្នកចូលរួមក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលនេះផងដែរ។
កម្មវិធីវគ្គបណ្តុះបណ្តាលលើកទី៣០ នាពេលនេះ មានអ្នកចូលរួមសរុបចំនួន ២៥នាក់ ដែលក្នុងនោះរួមមានបុគ្គលិករបស់ទីភ្នាក់ងារសារព័ត៌មានអាណាដូលូ ចំនួន ០៩នាក់ និងអ្នកសារព័ត៌មាន ១៦នាក់ទៀតមកពីប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី និងប៉ាពូញូវហ្គីណេ៕
ដោយ៖ យា ចិន្ដាខន្ដី





