ភារធារីស្ថានទូតសហរដ្ឋអាមេរិក បំពេញទស្សនកិច្ចនៅខេត្តសៀមរាប និងខេត្ដបន្ទាយមានជ័យ ដើម្បីលើកកម្ពស់សន្តិសុខសុខាភិបាល សន្តិភាព និងវិបុលភាពនៅកម្ពុជា
AKP សៀមរាប ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦
លោកស្រី Aleks Zittle ភារធារីស្ថានទូតអាម៉េរិកនៅភ្នំពេញ បានដឹកនាំគណៈប្រតិភូស្ថានទូតចុះបំពេញទស្សនកិច្ចការងារនៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកញ្ញា ដើម្បីពិនិត្យមើលពីរបៀបដែលជំនួយរបស់សហរដ្ឋអាមេរិក កំពុងពង្រឹងសន្តិសុខ សុខាភិបាល គាំទ្រសហគមន៍ដែលកំពុងស្តារឡើងវិញពីជម្លោះតាមព្រំដែន និងពង្រឹងទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និងកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។

សហរដ្ឋអាមេរិកគាំទ្រសន្តិភាព និងស្តារឡើងវិញក្រោយជម្លោះតាមព្រំដែន ដោយការគាំទ្រ កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ដែលឯកឧត្ដមប្រធានាធិបតី ត្រាំ បានសម្របសម្រួលនៅក្នុង ខែតុលា ឆ្នាំ២០២៥ នៅតែជាអាទិភាពកំពូលរបស់សហរដ្ឋអាមេរិក ដើម្បីជំរុញស្ថិរភាពក្នុងតំបន់។ ក្នុងអំឡុងទស្សនកិច្ចនៅខេត្តបន្ទាយមានជ័យ លោកស្រីភារធារី Aleks Zittle បានចូលរួមជាមួយឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលកម្មវិធី ដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក និងអនុវត្តន៍ដោយអង្គការទស្សនៈពិភពលោក (World Vision) និង អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM)។
ជាមួយគ្នានេះ ដើម្បីស្វែងយល់ពីរបៀបដែលជំនួយរបស់សហរដ្ឋអាមេរិក កំពុងផ្តល់ការថែទាំសុខភាពដ៏សំខាន់ លោកស្រី ភារធារី Zittle បានទៅកាន់ប៉ុស្តិ៍សុខភាពមួយរបស់អង្គការទស្សនៈពិភពលោក ដែលកំពុងផ្តល់សេវាសុខា ភិបាលចាំបាច់ដល់ស្ត្រីមានផ្ទៃពោះ ម្តាយ និងទារកទើបនឹងកើត ដែលបានផ្លាស់ទីលំនៅដោយសារជម្លោះ តាមព្រំដែន។

លោកស្រីភារធារី Zittle ក៏បានចុះពិនិត្យគម្រោងចំនួនពីរដែលអនុវត្តន៍ដោយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) រួមមាន៖ កម្មវិធីផ្តល់ទីជម្រក និងជីវភាពរស់នៅ ដែលបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ១០ ០០០នាក់ ដែលរងផលប៉ះពាល់ដោយសង្គ្រាម និងត្រូវបានផ្លាស់ទីលំនៅ ព្រមទាំងគម្រោងបញ្ជាក់វិញ្ញាបនបត្រជំនាញវិជ្ជាជីវៈ ដែលបានបើកផ្លូវអាជីពថ្មីសម្រាប់ប្រជាជនកម្ពុជា ចំនួន ១ ៥៩១នាក់ រួមទាំងពលករចំណាកស្រុកដែលបានវិលត្រឡប់មកប្រទេសវិញ។
ជារួម កម្មវិធីទាំងនេះ បង្ហាញពីអត្ថប្រយោជន៍ជាក់ស្តែងនៃ កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ដោយជួយសហគមន៍មូលដ្ឋានឱ្យស្ដារឡើងវិញ និងជួយជាមូលដ្ឋានគ្រឹះដល់សន្តិភាព វិបុលភាព និងស្ថិរភាពប្រកបដោយចីរ ភាពនៅទូទាំងតំបន់។
ក្នុងឱកាសអញ្ជើញទៅដល់ខេត្តបន្ទាយមានជ័យ លោកស្រី Zitle ក៏បានជួបជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីពិភាក្សាអំពីការងាររបស់ក្រុមនេះ ក្នុងការផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់តាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាពដែលទទួលបានក្រោមកិច្ចព្រម ព្រៀងសន្តិភាពគូឡាឡាំពួរ។

ទាក់ទងនឹងដំណើរទស្សនកិច្ចក្នុងអំឡុងពេលស្នាក់នៅខេត្តសៀមរាប លោកស្រី Zittle ក៏បានចុះទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីពិនិត្យមើលពីរបៀបដែលជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងពង្រឹងសមត្ថភាព របស់កម្ពុជា នៅជួរមុខ ក្នុងការរកឃើញ រាយការណ៍ និងឆ្លើយតបចំពោះការគំរាមកំហែងពីជំងឺឆ្លង មុនពេលការគំរាមកំហែងទាំងនោះអាចឈានដល់សហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះ ជំនួយរបស់សហរដ្ឋអាមេរិក បានជួយកម្ពុជាសម្រេចបានគោលដៅសកលស្តីពី មេរោគអេដស៍ (HIV) កាត់បន្ថយអត្រាប្រេវ៉ាឡង់នៃ ជំងឺរបេង (TB) យ៉ាងខ្លាំង និងស្ទើរតែលុបបំបាត់ការចម្លងជំងឺគ្រុនចាញ់ ក្នុងស្រុក មុនពេលឈានដល់គោលដៅដែលបានកំណត់សម្រាប់ឆ្នាំ២០៣០។
ដំណើរទស្សនកិច្ចនេះបានបញ្ជាក់ពីភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលរវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្រោមយុទ្ធសាស្ត្រសុខាភិបាលសកល អាម៉េរិកជាជម្រើសទី១ (America First) របស់ឯកឧត្ដម ប្រធានាធិបតី ត្រាំ និង អនុស្សរណៈយោគយល់ទ្វេភាគីផ្នែកសុខាភិបាល ដែលមានទឹកប្រាក់ចំនួន ៣៦.១ លានដុល្លារអាម៉េរិក ដែលបានចុះហត្ថលេខានៅខែមេសា ឆ្នាំ២០២៦។ កិច្ចសហប្រតិបត្តិការនេះកំពុងជំរុញគោលដៅសុខាភិបាលសកលរួម និងកសាងប្រព័ន្ធសុខាភិបាលដែលមានភាពធន់ និងមាននិរន្តរភាព ដើម្បីការពារសុខុមាលភាពរបស់ ប្រជាជនអាម៉េរិក និងប្រជាជនកម្ពុជា។
ពាក់ព័ន្ធនឹងការជំរុញការងារបោសសម្អាតមីន ដើម្បីដោះស្រាយផលបន្សល់ពីជម្លោះកន្លងមក ដោយផ្អែកលើកិច្ចសហប្រតិបត្តិការដែលមានរយៈពេលជាច្រើនទសវត្សរ៍ ក្នុងការដោះស្រាយបញ្ហាមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា លោកស្រីភារធារី Zittle បានចុះពិនិត្យពីប្រតិបត្តិការបោសសម្អាតមីនដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក និងអនុវត្តន៍ដោយអង្គការ HALO Trust និង APOPO។
ចាប់តាំងពីឆ្នាំ១៩៩៣ សហរដ្ឋអាមេរិក បានផ្តល់ជំនួយជាង ២៣៥ លានដុល្លារអាម៉េរិក សម្រាប់ការងារ បោសសម្អាតមីននៅកម្ពុជា រួមបញ្ចូល ៥២ លានដុល្លារអាម៉េរិក ដល់អង្គការ HALO Trust ដែលបាន បោសសម្អាតដីក្នុងទំហំស្មើនឹងទីលានបាល់ទាត់ចំនួន ១០០ ០០០ សម្រាប់វិស័យកសិកម្ម និង សកម្មភាពសេដ្ឋកិច្ច។ ទន្ទឹមនេះ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងទាំងនេះ លោកស្រីភារធារី Zittle បានប្រកាសអំពីគម្រោងថ្មីរបស់សហរដ្ឋអាមេរិក ដែលមានទឹកប្រាក់ ៣ លានដុល្លារអាម៉េរិក និងរយៈពេល ៣ ឆ្នាំ ផ្តល់ជូនអង្គការ APOPO ដើម្បីបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម នៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តមណ្ឌលគិរី។
ក្នុងការប្រកាសនេះ លោកស្រី Zittle បានមានប្រសាសន៍ថា៖ «សហរដ្ឋអាមេរិក នឹងធ្វើការរួមគ្នាជាមួយកម្ពុជា ដើម្បីដកចេញនូវគ្រាប់បង្កគ្រោះថ្នាក់ដល់ជីវិតទាំងនេះ និង ប្រគល់ដីជូនសហគមន៍វិញ ដើម្បីឱ្យដីទាំងនោះអាចគាំទ្រដល់លំនៅដ្ឋាន កសិកម្ម និងបង្កើតឱកាសសេដ្ឋ កិច្ចបានជាថ្មីម្តងទៀត»។
សូមជម្រាបជូនថា ដំណើរទស្សនកិច្ចនេះបានបង្ហាញពីវិសាលភាព និងផលប៉ះពាល់នៃការចូលរួមរបស់សហរដ្ឋអាមេរិកនៅទូ ទាំងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។ តាមរយៈជំនួយដែលផ្តោតលើសហគមន៍មូលដ្ឋាន ក្នុងការជំរុញសន្តិភាព សន្តិសុខសុខាភិបាល និងការបោសសម្អាតមីន សហរដ្ឋអាមេរិក កំពុងចូលរួមគាំទ្រស្ថិរ ភាពក្នុងតំបន់ និងអនាគតដែលមានវិបុលភាពកាន់តែប្រសើរ សម្រាប់សហរដ្ឋអាមេរិក និងកម្ពុជា៕
ដោយ៖ រិទ្ធី





