ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី ការលើកកម្ពស់ការងារផ្សព្វផ្សាយជាសាធារណៈ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី ការលើកកម្ពស់ការងារផ្សព្វផ្សាយជាសាធារណៈ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ។
សមាសភាពអញ្ជើញចូលរួមដោយផ្ទាល់មាន៖ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ដោយឡែកមន្ដ្រីរាជការ និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត អញ្ជើញចូលរួមតាមប្រព័ន្ធនិម្មិត (Zoom)។

ឯកឧត្តម ពិត ករុណា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើបទបង្ហាញអំពី របៀបនៃការចូលរួមក្នុងការលើកកម្ពស់ និងជំរុញការផ្សព្វផ្សាយជាសាធារណៈ ឱ្យបានកាន់តែទូលំទូលាយ ដើម្បីពង្រីកវិសាលភាពព័ត៌មានជូនដល់ប្រជាពលរដ្ឋប្រកបដោយទំនុកចិត្ត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះក្រុមអ្នកនាំពាក្យ និងក្រុមព័ត៌មានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានបំពេញតួនាទី និងភារកិច្ចយ៉ាងសកម្ម ក្នុងការជំរុញការផ្សព្វផ្សាយនូវសមិទ្ធផលនានាក្នុងវិស័យអភិវឌ្ឍន៍ជនបទ បានយ៉ាងល្អប្រសើរ។

ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់អង្គភាពក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ ទាំងនៅទីស្ដីការក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ចូលរួមចែករំលែក និងផ្សព្វផ្សាយនូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាសមិទ្ធផលនៃការអភិវឌ្ឍក្នុងវិស័យអភិវឌ្ឍន៍ជនបទ ទៅកាន់សាធារណជនឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត៕

ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





