ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកទឹកចិត្តកុមារ និងយុវជននៅភូមិរង់ចាំ តាមរយៈកីឡាបាល់ទាត់
AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦--
ស្នាមញញឹម សំឡេងសើច និងភាពសប្បាយរីករាយរបស់កុមារ និងយុវជននៅ «ភូមិរង់ចាំ» ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានបង្ហាញពីអត្ថន័យមួយទៀតនៃការចែករំលែកក្តីសង្ឃឹម ខណៈឯកឧត្តម ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានដឹកនាំគណៈប្រតិភូ ចូលរួមក្នុងកម្មវិធី Football Clinic បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅទីនោះ។

សកម្មភាពនេះមិនត្រឹមតែជាការលេងកីឡាដើម្បីសុខភាព និងការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាការបើកឱកាសឱ្យកុមារ និងយុវជនដែលមានចំណាប់អារម្មណ៍លើកីឡាបាល់ទាត់ បានរៀនសូត្រ ស្វែងយល់ និងទទួលការបង្ហាត់បង្ហាញពីមូលដ្ឋានគ្រឹះនៃកីឡាបាល់ទាត់ ព្រមទាំងបច្ចេកទេសសំខាន់ៗពីអ្នកមានបទពិសោធន៍ក្នុងវិស័យកីឡា។
ក្នុងឱកាសនោះ ប្អូនៗកុមារ និងយុវជននៅភូមិរង់ចាំ មានឱកាសជួបផ្ទាល់ និងចូលរួមលេងជាមួយអតីតកីឡាករជម្រើសជាតិ និងកីឡាករអាជីពជាច្រើនរូប។ ការជួបជាមួយកីឡាករដែលមានបទពិសោធន៍ បានក្លាយជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ប្អូនៗ ព្រោះក្រៅពីបានរៀនពីបច្ចេកទេសបាល់ទាត់ ពួកគេក៏ទទួលបានការលើកទឹកចិត្ត ឆន្ទៈ និងគំរូល្អៗពីអ្នកដែលធ្លាប់ឆ្លងកាត់ការហ្វឹកហាត់ និងការប្រកួតប្រជែងក្នុងអាជីពកីឡា។ ជាមួយគ្នានេះ កម្មវិធី Football Clinic ក៏បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍកុមារ និងយុវជននៅក្នុងសហគមន៍ ដោយផ្តល់កន្លែងសម្រាប់ពួកគេបញ្ចេញសមត្ថភាព បង្កើនភាពក្លាហាន និងរៀនពីស្មារតីក្រុម វិន័យ ការគោរពគ្នា និងការខិតខំប្រឹងប្រែង។ គុណតម្លៃទាំងនេះ គឺជាមូលដ្ឋានសំខាន់សម្រាប់ការកសាងធនធានមនុស្ស និងការអភិវឌ្ឍយុវជនឱ្យក្លាយជាកម្លាំងដ៏មានប្រយោជន៍សម្រាប់សង្គមជាតិនាពេលអនាគត។

ទន្ទឹមនឹងការលើកទឹកចិត្តតាមរយៈកីឡា ក្រុមការងារក៏បាននាំយកសម្ភារៈសិក្សាមួយចំនួនមកប្រគល់ជូនសិស្សានុសិស្សនៅភូមិរង់ចាំផងដែរ។ ការផ្តល់សម្ភារៈសិក្សានេះ គឺជាការរួមចំណែកមួយក្នុងការលើកទឹកចិត្តប្អូនៗឱ្យបន្តការសិក្សា និងជួយសម្រួលដល់តម្រូវការចាំបាច់មួយចំនួនក្នុងការសិក្សារបស់ពួកគេ។ សកម្មភាពទាំងនេះបានបង្ហាញថា ការគាំទ្រដល់កុមារ និងយុវជននៅភូមិរង់ចាំ មិនគួរមានត្រឹមតែជំនួយផ្នែកសម្ភារៈ និងជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែការផ្តល់ឱកាសឱ្យពួកគេមានសកម្មភាពកីឡា ការអប់រំ និងការអភិវឌ្ឍសមត្ថភាព ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការថែរក្សាសុខភាពផ្លូវកាយ ផ្លូវចិត្ត និងក្តីសង្ឃឹមរបស់ពួកគេផងដែរ។ ជាមួយគ្នានេះ ក៏មានការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងចូលរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌នានា តាមរយៈក្រុមកីឡាបាល់ទាត់ ស.ស.យ.ក. អលស្ដារ កន្លងមក។ ការចូលរួមរបស់សប្បុរសជន និងអ្នកស្រឡាញ់កីឡា បានក្លាយជាកម្លាំងសំខាន់មួយក្នុងការជួយសម្រាលការលំបាក និងឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តា «ភូមិរង់ចាំ» ដែលនៅតែត្រូវការការគាំទ្រជាបន្តបន្ទាប់។

លើសពីការប្រកួតប្រជែង និងការកម្សាន្ត កីឡាបានក្លាយជាស្ពានភ្ជាប់មនុស្សជាមួយមនុស្ស និងជាមធ្យោបាយបណ្តុះស្មារតីសាមគ្គីភាព វិន័យ និងការចែករំលែក។ សម្រាប់កុមារ និងយុវជននៅភូមិរង់ចាំ ឱកាសបានចូលរួម Football Clinic និងជួបជាមួយកីឡាករដែលពួកគេស្រឡាញ់ អាចក្លាយជាការចងចាំដ៏មានន័យមួយ ដែលបំផុសឱ្យពួកគេហ៊ានស្រមៃ ហ៊ានខិតខំ និងបន្តដើរទៅមុខ ទោះបីស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។
ជាក់ស្តែង ស្នាមញញឹមរបស់ប្អូនៗនៅលើទីលានបាល់ទាត់ថ្ងៃនេះ មិនត្រឹមតែជាសញ្ញានៃភាពរីករាយពីការលេងកីឡានោះទេ ប៉ុន្តែក៏ជារូបភាពនៃក្តីសង្ឃឹមថា កុមារ និងយុវជននៅភូមិរង់ចាំ នៅតែទទួលបានការយកចិត្តទុកដាក់ និងមានឱកាសបន្តរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងកសាងអនាគតរបស់ខ្លួន៕
ដោយ ឈុន សារ៉ាត





