«ភូមិរង់ចាំ»៖ និមិត្តសញ្ញានៃសាមគ្គីភាព និងក្តីសង្ឃឹមរបស់មហាគ្រួសារខ្មែរ
AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦--
ស្លាកឈ្មោះ «ភូមិរង់ចាំ» មិនមែនគ្រាន់តែជាឈ្មោះសម្គាល់ទីតាំងមួយប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជានិមិត្តសញ្ញាដ៏មានអត្ថន័យ ដែលរំលេចពីដំណើររង់ចាំរបស់ប្រជាពលរដ្ឋដែលបានភៀសសឹកពីសង្គ្រាមឈ្លានពានពីសំណាក់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា ក៏ដូចជាក្តីសង្ឃឹមថា ថ្ងៃណាមួយពួកគេនឹងអាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញដោយសុវត្ថិភាព និងសុខសាន្ត។

កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមពិធីកាត់ខ្សែបូបើកស្លាកឈ្មោះ «ភូមិរង់ចាំ» ដែលបានចារិកលើថ្ម ព្រមទាំងទស្សនកិច្ចភូមិ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកតាមខ្នងផ្ទះ នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ព្រមទាំងឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងគណៈប្រតិភូជាច្រើនរូប។

ការអញ្ជើញមកដល់ «ភូមិរង់ចាំ» របស់ឯកឧត្តម ហ៊ុន ម៉ានី ក៏ជាផ្នែកមួយនៃការចូលរួមក្នុងយុទ្ធនាការ «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» ដែលបានបង្ហាញឱ្យឃើញនូវស្មារតីសាមគ្គីភាព ក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងទឹកចិត្តចែករំលែករបស់ប្រជាជនខ្មែរចំពោះបងប្អូនដែលកំពុងជួបប្រទះការលំបាក។ «ភូមិរង់ចាំ» គឺជាភូមិថ្មីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៦ ដើម្បីផ្តល់ទីជម្រកបណ្តោះអាសន្នសមរម្យ និងមានសុវត្ថិភាពជូនគ្រួសារប្រជាពលរដ្ឋភៀសសឹកប្រមាណជាង៣០០០គ្រួសារដែលបានរត់គេចចេញពីសង្គ្រាមឈ្លានពានពីភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមរបស់ខ្លួនបាន។ ក្រៅពីការផ្តល់ទីជម្រក ភូមិថ្មីនេះក៏មានសារៈសំខាន់ក្នុងការសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាចាំបាច់នានាជូនប្រជាពលរដ្ឋ។ នេះបង្ហាញថា ការដោះស្រាយបញ្ហាប្រជាពលរដ្ឋភៀសសឹក មិនត្រឹមតែផ្តោតលើការផ្តល់ទីកន្លែងស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគិតគូរដល់សុវត្ថិភាព ជីវភាព និងភាពសមរម្យក្នុងការរស់នៅរបស់ពួកគេផងដែរ។
ឈ្មោះ «ភូមិរង់ចាំ» កាន់តែមានន័យជ្រាលជ្រៅ នៅពេលគិតដល់ជីវិតរបស់ប្រជាពលរដ្ឋដែលត្រូវចាកចេញពីផ្ទះសម្បែងរបស់ខ្លួនដោយសារសង្គ្រាមឈ្លានពាននេះ។ ពួកគេកំពុងរង់ចាំសន្តិភាព រង់ចាំសុវត្ថិភាព និងរង់ចាំថ្ងៃដែលអាចត្រឡប់ទៅកាន់ផ្ទះ និងសហគមន៍របស់ខ្លួនវិញ។
ក្នុងដំណើរចុះសួរសុខទុក្ខ ឯកឧត្តម ហ៊ុន ម៉ានី បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ស្វែងយល់ពីការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ព្រមទាំងបង្ហាញការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងស្ថានភាពបណ្តោះអាសន្ន។ ទោះជាការជួបជុំមានលក្ខណៈសាមញ្ញក្តី ប៉ុន្តែវាបានបង្កើតនូវភាពកក់ក្តៅ និងអារម្មណ៍ថា ប្រជាពលរដ្ឋមិនត្រូវបានទុកឱ្យប្រឈមមុខនឹងការលំបាកតែម្នាក់ឯងឡើយ។

ជំនួបនេះបានឆ្លុះបញ្ចាំងពីទំនាក់ទំនងជិតស្និទ្ធរវាងអ្នកដឹកនាំ និងប្រជាពលរដ្ឋ ព្រមទាំងបង្ហាញពីស្មារតីដែលសង្គមខ្មែរតែងតែប្រកាន់ខ្ជាប់ គឺ «ខ្មែរជួយខ្មែរ» និងការឈរនៅក្បែរគ្នាក្នុងគ្រាលំបាក។ នៅពីក្រោយសំណួរអំពីសុខទុក្ខ ជីវភាព និងការរស់នៅប្រចាំថ្ងៃ គឺជាសារមួយដែលមានតម្លៃយ៉ាងជ្រាលជ្រៅ នៅពេលប្រជាពលរដ្ឋជួបការលំបាក មហាគ្រួសារខ្មែរនៅតែរួមគ្នា ចែករំលែកគ្នា និងជួយគ្នាឆ្លងកាត់គ្រប់កាលៈទេសៈ។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដា លើជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋភៀសសឹក តាមរយៈការរៀបចំទីតាំង និងសាងសង់លំនៅឋានបណ្តោះអាសន្នក្នុងរយៈពេលដ៏ខ្លី ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់នៅចំពោះមុខ។ ការរៀបចំ «ភូមិរង់ចាំ» បានបង្ហាញពីការឆ្លើយតបចំពោះស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដែលត្រូវការទីជម្រកមានសុវត្ថិភាព និងមានភាពសមរម្យ ខណៈពេលដែលពួកគេមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមបាន។
ជាមួយគ្នានេះ ការចូលរួមពីសំណាក់ស្ថាប័ន អង្គភាព ក្រុមការងារ សប្បុរសជន និងប្រជាពលរដ្ឋតាមរយៈយុទ្ធនាការ «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» បានបន្ថែមនូវទិដ្ឋភាពមួយទៀត គឺការរួមចំណែករបស់សង្គមទាំងមូលក្នុងការជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ។
កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញចុះទៅកាន់ទីតាំងនេះ ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកដោយផ្ទាល់ និងបានប្រសិទ្ធនាមទីតាំងនេះថា «ភូមិរង់ចាំ»។ ឈ្មោះនេះបានក្លាយជាការរំលឹកថា ការស្នាក់នៅទីនេះ គឺជាស្ថានភាពបណ្តោះអាសន្ន និងជាការរង់ចាំថ្ងៃដែលប្រជាពលរដ្ឋអាចវិលត្រឡប់ទៅកាន់ទីលំនៅដើមរបស់ខ្លួនវិញ។ ក្នុងន័យនេះ «ភូមិរង់ចាំ» មិនមែនជាកន្លែងដែលតំណាងឱ្យការបាត់បង់ក្តីសង្ឃឹមឡើយ។ ផ្ទុយទៅវិញ វាជាកន្លែងដែលក្តីសង្ឃឹមត្រូវបានរក្សាទុក និងជាកន្លែងដែលមនុស្សជាច្រើនកំពុងរង់ចាំថ្ងៃអនាគតដែលប្រសើរជាងមុន។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ហើយបានអំពាវនាវឱ្យបន្តជឿជាក់ គាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ ព្រមទាំងគាំទ្រជំហរ និងរាល់ចំណាត់ការក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ សម្រាប់ប្រជាពលរដ្ឋនៅ «ភូមិរង់ចាំ» ការចុះមកដល់ និងការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាការចូលរួមចែករំលែកពីសំណាក់មហាគ្រួសារខ្មែរ គឺជាកម្លាំងចិត្តដ៏សំខាន់មួយក្នុងអំឡុងពេលដែលពួកគេកំពុងរង់ចាំ។ ហើយសម្រាប់សង្គមទាំងមូល «ភូមិរង់ចាំ» ក៏បានផ្ញើសារមួយយ៉ាងច្បាស់ថា នៅពេលជួបការលំបាក សាមគ្គីភាព និងទឹកចិត្តខ្មែរជួយខ្មែរ គឺជាកម្លាំងដែលអាចធ្វើឱ្យមនុស្សមានក្តីសង្ឃឹម និងមានកម្លាំងឆ្ពោះទៅមុខ។ ដូច្នេះ ស្លាកឈ្មោះដែលចារិកលើថ្មនៅមុខ «ភូមិរង់ចាំ» មិនត្រឹមតែជាស្លាកសម្គាល់ទីតាំងនោះទេ។ វាគឺជានិមិត្តសញ្ញានៃការរង់ចាំ ក្តីសង្ឃឹម សាមគ្គីភាព និងការចងចាំថា ក្នុងគ្រាដ៏លំបាក មហាគ្រួសារខ្មែរនៅតែមានគ្នា និងឈរនៅក្បែរគ្នា៕
ដោយ ឈុន សារ៉ាត





