គណៈប្រតិភូសុខាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី៣ នៅទីក្រុងគូឡាឡាំពួ
AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦--
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី៣ ដែលមានការចូលរួមពីប្រទេសជាសមាជិកអាស៊ានទាំង១១ អគ្គលេខាធិកររងអាស៊ាន ជាមួយសាធារណរដ្ឋកូរ៉េដែលបានប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី ក្រោមប្រធានបទ «ទិន្នន័យឆ្លាតវៃ ការថែទាំកាន់តែប្រសើរ៖ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងនវានុវត្តន៍ឌីជីថល ដើម្បីកសាងប្រព័ន្ធសុខាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលមានការតភ្ជាប់គ្នា (Smarter Data, Better Care: Harnessing Artificial Intelligence and Digital Innovations for a Connected ASEAN–Korea Healthcare Ecosystem)”។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការជ្រើសរើសបញ្ញាសិប្បនិម្មិត និងនវានុវត្តន៍ឌីជីថល ជាប្រធានបទអាទិភាព ដោយចាត់ទុកថាទាំងនេះជាវិស័យសំខាន់សម្រាប់ប្រទេសអាស៊ានទាំងអស់ ហើយសាធារណរដ្ឋកូរ៉េ គឺជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខលើពិភពលោកក្នុងវិស័យនេះ។

ទន្ទឹមនឹងនោះ ឯកឧត្តមសាស្ត្រាចារ្យ បានលើកឡើងថា បញ្ហាប្រឈមនៅមានច្រើន ហើយកម្រិតវឌ្ឍនភាពរវាងប្រទេសសមាជិកអាស៊ានក៏មានភាពខុសគ្នាផងដែរ។ ឯកឧត្តមសាស្ត្រាចារ្យ ថែមទាំងបានពាំនាំ លើកជូនអង្គប្រជុំ “រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ” អំពីអាទិភាពចម្បងៗ ចំនួនបី ដែលកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋកូរ៉េនឹងផ្តល់តម្លៃខ្ពស់ រួមមាន៖ ១) ការកសាងអក្ខរកម្មឌីជីថល (digital literacy) សម្រាប់អ្នកជំនាញវិជ្ជាជីវៈសុខាភិបាល និងនិស្សិត ដើម្បីទាញយកអត្ថប្រយោជន៍នៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ព្រមទាំងជំរុញឱ្យបង្កើត និងគ្រប់គ្រងព័ត៌មានដោយសុវត្ថិភាពតាមរយៈបច្ចេកវិទ្យាទាំងនេះ។ ២) ការរៀបចំប្រព័ន្ធសុខាភិបាល ដើម្បីត្រៀមលក្ខណៈក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត នៅតាមមូលដ្ឋានសុខាភិបាល។ ទិន្នន័យគួរត្រូវបានប្រើប្រាស់ ដើម្បីគាំទ្រប្រព័ន្ធសុខាភិបាលទាំងមូល មិនមែនរក្សាទុកនៅត្រឹមស្ថាប័នដែលបង្កើតទិន្នន័យនោះទេ។ នេះតម្រូវឱ្យមានការគ្រប់គ្រងទិន្នន័យកម្រិតជាតិ ដែលគ្របដណ្តប់វដ្តទាំងមូលតាំងពី ការបង្កើតទិន្នន័យ រហូតដល់ការរួមបញ្ចូល ការតភ្ជាប់ និងការប្រើប្រាស់ទិន្នន័យ។ ៣) ការធានាថាទិន្នន័យអាចបំប្លែងប្រវត្តិវេជ្ជសាស្ត្ររបស់អ្នកជំងឺ ទៅជាព័ត៌មានដែលអាចយល់ និងប្រើប្រាស់បានយ៉ាងមានប្រសិទ្ធភាពទូទាំងប្រព័ន្ធសុខាភិបាល រួមទាំងឆ្លងកាត់ស្ថាប័នសុខាភិបាលផ្សេងៗគ្នា។

រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េបានអនុម័តលើសេចក្តីថ្លែងការណ៍រួម ដែលបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការបន្តលើកកម្ពស់ភាពធន់នៃការអភិវឌ្ឍវិស័យសុខាភិបាលអាស៊ានក្នុងបរិបទថ្មី ដោយផ្តោតលើការធ្វើបរិវត្តកម្មឌីជីថលក្នុងការថែទាំសុខភាព ការអនុវត្តសកម្មភាព និងគម្រោងថ្មីក្នុងវិស័យសុខាភិបាលនាពេលអនាគត តាមរយៈការលើកកម្ពស់កម្មវិធីពង្រឹងសមត្ថភាព គាំទ្រដល់ការបង្កើត និងអនុវត្តផែនការព័ត៌មានសុខាភិបាលតាមតម្រូវការរបស់អាស៊ាន និងការបង្កើតយុទ្ធសាស្រ្តសម្រាប់ការធ្វើទំនើបកម្មសុខាភិបាលឌីជីថល៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





