សំឡេងរបស់សហគមន៍ ជាស្នូលនៃការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព
AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦---
ក្រុមការងារ គម្រោង PEARL របស់អង្គការ FAO ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៦ បានជួបពិ ភាក្សាជាមួយសមាជិកព្រៃសហគមន៍ រួមមានជនជាតិដើមភាគតិច គណៈ កម្មាធិការគ្រប់គ្រង អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញព្រៃឈើ នៅក្នុង ខេត្តកំពង់ធំ និងខេត្តព្រះវិហារ ដើម្បីពិភាក្សាអំពីសកម្មភាពនានាដែលបានគ្រោងទុកសម្រាប់ព្រៃសហគមន៍ គោលដៅចំនួន ៦ ដោយចាត់ទុកថា សំឡេងរបស់សហគមន៍ ជាស្នូលនៃការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ។

ក្រុមការងារគម្រោង PEARL បានសហការជាមួយសហគមន៍នានា ដើម្បីកំណត់ហានិភ័យដែលអាចកើតមាន ឡើងចំពោះបរិស្ថាន និងសង្គម ព្រមទាំងប្រមូលមតិយោបល់ពីស្ត្រី យុវជន ក្រុមជនងាយរងគ្រោះ និងជនជាតិដើមភាគតិច ហើយរៀបចំផែនការដើម្បីជៀសវាង ឬកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននានា ។
លើសពីនេះ សហគមន៍ក៏ត្រូវបានជូនដំណឹងអំពី «យន្តការដោះស្រាយបណ្តឹងតវ៉ា» ដែលជាមធ្យោបាយសម្រាប់ប្រជាពលរដ្ឋក្នុងការលើកឡើងនូវកង្វល់ ឬដាក់ពាក្យបណ្តឹងតវ៉ាពាក់ ព័ន្ធនឹងសកម្មភាពនានារបស់គម្រោង។ ក្រុមការងារក៏បានបញ្ចប់ដំណើរការ «ការយល់ព្រមដោយសេរី ផ្អែកលើព័ត៌មានពេញលេញ និងដោយគ្មានការបង្ខិតបង្ខំ» ។

គម្រោង PEARL នេះដែលទទួលបានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង តាមរយ: អង្គការ FAO ជួយធានាថា សហគមន៍យល់ដឹង និងយល់ព្រមលើសកម្មភាពនានាដែលបានគ្រោងទុកមុនពេលចាប់ផ្តើមអនុវត្ត ព្រមទាំងធានាថាការងារពាក់ព័ន្ធនឹងព្រៃឈើមិនបង្កផលប៉ះពាល់អវិជ្ជមានដល់ប្រជាជន ឬបរិស្ថានឡើយ។

សម្រាប់សហគមន៍កសិករខ្នាតតូច នេះមានន័យថា ពួកគេមានសិទ្ធិបញ្ចេញមតិក្នុងការសម្រេចចិត្តលើធនធានព្រៃឈើរបស់ខ្លួន និងជួយធានាថា ការគាំទ្រពីគម្រោងផ្តល់នូវផលប្រយោជន៍យូរអង្វែ ងសម្រាប់ទាំងប្រជាជន និងធម្មជាតិ ដោយយកចិត្តទុកដាក់ជាពិសេសទៅលើការធានាថា ស្ត្រីទទួលបានផលប្រយោជន៍ដោយសមធម៌ពីកិច្ចខិតខំប្រឹងប្រែងទាំងនេះ ៕
ដោយ៖ ណយ នឿន ប្រភព៖FAO





