អភិបាលរងខេត្តកណ្តាល ចុះពិនិត្យការផលិត និងផ្គត់ផ្គង់ទឹកស្អាត របស់ក្រុមហ៊ុន ហ្គោលដេន ប៊ុល នៅក្រុងតាខ្មៅ
AKP កណ្ដាល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦---
លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានដឹកនាំមន្ត្រីបច្ចេកទេស និងជំនាញពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់អំពីស្ថានភាពជាក់ស្តែងនៃការ ផលិត និងការផ្គត់ផ្គង់ទឹកស្អាត របស់ក្រុមហ៊ុន ទឹកស្អាតហ្គោលដេន ប៊ុល ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅ ភូមិ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តក ណ្តាលកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

ការចុះពិនិត្យនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃលើដំណើរការផលិត ក៏ដូចជាសមត្ថភាពនៃការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ឱ្យបានគ្រប់គ្រាន់ ប្រកបដោយគុណភាព សុវត្ថិភាព និងអនាម័យ ស្របតាមស្តង់ដារបច្ចេកទេស។
ក្នុងសកម្មភាពចុះពិនិត្យនោះ លោក ខុន សេរីរដ្ឋា បានពិនិត្យមើលគ្រប់ដំណាក់កាលនៃសង្វាក់ផលិតកម្ម ចាប់តាំងពីប្រភពបូមទឹកឆៅ ប្រព័ន្ធចម្រោះទឹក អាងស្តុកទឹក ការត្រួតពិនិត្យគុណភាពទឹកតាមលក្ខណៈបច្ចេកទេស រហូតដល់ប្រព័ន្ធចែកចាយទឹកស្អាតទៅកាន់ខ្នងផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
មានប្រសាសន៍នាឱកាសនោះ លោក អភិបាលរងខេត្ត បានគូសបញ្ជាក់អំពីសារៈសំខាន់នៃទឹកស្អាត ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃសម្រាប់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ តំណាងក្រុមហ៊ុន ទឹកស្អាតហ្គោលដេន ប៊ុល ខូអិលធីឌី ត្រូវយកចិត្តទុកដាក់ខ្ពស់លើការត្រួតពិនិត្យគុណភាពទឹកឱ្យបានទៀងទាត់ និងធានាថាទឹកស្អាតដែលចែកចាយជូនប្រជាព លរដ្ឋមានអនាម័យត្រឹមត្រូវតាមស្តង់ដារក្រសួងជំនាញ និងត្រូវខិតខំថែរក្សាប្រព័ន្ធផលិត និងត្រៀមលក្ខណៈបច្ចេកទេសឱ្យបានល្អ ដើម្បីចៀសវាងការខ្វះខាតទឹកប្រើប្រាស់ ជាពិសេសក្នុងកំឡុងពេលដែលមានតម្រូវការប្រើប្រាស់កើនឡើងខ្ពស់។

លោក អភិបាលរងខេត្ត បានលើកទឹក ចិត្តដល់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ត្រូវមានទំនាក់ទំនងល្អ និងឆ្លើយតបបានឆាប់រហ័សចំពោះរាល់សំណូមពរ ឬបញ្ហាបច្ចេកទេសផ្សេងៗរបស់អតិថិជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងនោះផងដែរតំណាងក្រុមហ៊ុន ទឹកស្អាតហ្គោលដេន ប៊ុល ខូអិលធីឌី បានប្តេជ្ញាចិត្តនឹងខិតខំបន្តកែលម្អ និងអភិវឌ្ឍន៍សេវាកម្មផ្គត់ផ្គង់ទឹកស្អាតឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ស្វាយរលំ និងសង្កាត់សិត្បូ ក្រុងតាខ្មៅ ៕
ដោយ ៖ណយ នឿន ប្រភព៖រដ្ឋបាលខេត្តកណ្តាល





