ក្រសួងសង្គមកិច្ចបើកកិច្ចប្រជុំស្ដីពី គម្រោងកម្មវិធីសមាហរណកម្មកុមារមានពិការភាពចេញពីមណ្ឌលថែទាំ
AKP ភ្នំពេញ ថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៦---
ឯកឧត្តម តូច ចាន់នី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញបើកកិច្ចប្រជុំស្ដីពីវឌ្ឍនភាពលទ្ធផលអនុវត្តគម្រោងកម្មវិធីសមាហរណកម្មកុមារមានពិការភាពចេញពីមណ្ឌលថែទាំជំនួសទៅកាន់គ្រួសារក្នុងសហគមន៍ ។

ឯកឧត្តម រដ្ឋលេខាធិការ តូច ចាន់នី បានលើកឡើងថា កិច្ចប្រជុំនេះរៀបចំ ឡើងក្នុងគោលបំណង លើកកម្ពស់ការថែទាំកុមារមានពិការភាពនៅតាមគ្រួសារ ដោយធ្វើការសមាហរណកម្មកុមារមានពិការភាពចេញពីមណ្ឌលថែទាំជំនួស ដោយផ្ដោតលើការបង្រួប បង្រួមគ្រួសារបង្កើត ការទុកដាក់នៅតាមគ្រួសារសាច់ញាតិ និងគ្រួសារធម៌ ពង្រឹងក្រុមការងារថែទាំកុមារមានពិការភាពនៅក្នុងគ្រួសារតាមរយៈការសម្របសម្រួលរបស់នាយកដ្ឋានកិច្ចការពារកុមារ ដើម្បីពង្រឹងកិច្ចសហការរវាងក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអង្គការដៃគូអភិវឌ្ឍន៍ដើម្បីពិភាក្សាអំពីការអនុវត្តគម្រោង និងផ្ដល់យោបល់ដល់ក្រុមការងារពាក់ព័ន្ធនឹងការធ្វើសមាហរណកម្មកុមារ បន្ទាប់ពីអ្នកពាក់ព័ន្ធធ្វើការប៉ាន់ប្រមាណករណី និងរៀបចំនីតិវិធីបន្ត និងរៀបចំផែនការបន្តដើម្បីធ្វើសមាហរណកម្មកុមារមានពិការភាពបន្ត និងពិភាក្សាលើសេវាសង្គម និងរៀបចំការគាំទ្រនានាដែលចាំបាច់ដល់ការធ្វើសមាហរណកម្មកុមារមានពិការភាពចេញពីមណ្ឌលថែទាំជំនួសដើម្បីបង្រួបបង្រួមគ្រួសារនិងទុកដាក់កុមារមានពិការភាពនៅក្នុងការថែទាំនៅតាមគ្រួសារដែលប្រកបដោយសុខុមាលភាព ។

ក្នុងកិច្ចប្រជុំនេះក៏មានកាចូលរួមពីលោកស្រី មុំ ចាន់ដានី អគ្គនាយករង អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ចក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងនាយកដ្ឋានជំនាញ តំណាងមន្ទីរស.អ.យ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពត និងខេត្តតាកែវ ព្រមទាំងអង្គការដៃគូ ដែលមានអ្នកចូលរួមសរុបចំនួន ៥០នាក់ន៕

ដោយ៖ ណយ នឿន ប្រភព៖ក្រសួងសង្គមកិច្ច





