ព្រះវិហារ៖ ៥៦២ ទីតាំងខូចខាត និង ៥០១ រណ្តៅគ្រាប់ជាភស្តុតាងនៅលើដីមិនអាចលុបបំបាត់បាន
AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦---
ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីការវាយ ប្រហាររបស់យោធាថៃនៅក្នុងឆ្នាំ២០២៥ កន្លងទៅអំឡុងពេលឈ្លានពានទឹកដីកម្ពុជា។នេះបើតាមការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រីបានសរសេលើបណ្តាញសង្គមនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ថារបាយការណ៍របស់បេសកកម្មប្រឹក្សារួម UNESCO World Heritage Centre–ICOMOS បានកត់ត្រាទិន្នន័យរបស់អាជ្ញាធរជាតិព្រះវិហារថា ការវាយប្រហារក្នុងខែកក្កដា ឆ្នាំ២០២៥ បានបង្កការខូចខាត ១៤២ ទីតាំង លើប្រាសាទ ហើយការវាយប្រហារក្នុងខែធ្នូ បានបង្កការខូចខាតបន្ថែម ៤២០ ទីតាំង។ នោះមានន័យថា ក្នុងសង្គ្រាមឈ្លានពានរបស់យោធាថៃទាំងពីរលើក ប្រាសាទព្រះវិហារត្រូវបានកត់ត្រាការខូចខាតសរុប ៥៦២ ទីតាំង។

របាយការណ៍ UNESCO–ICOMOS ក៏បានវាយតម្លៃថា ទំហំនៃការខូចខាតពីជម្លោះថ្មីនេះ មិនអាចប្រៀបធៀបបានជាមួយការខូចខាតពីជម្លោះមុនៗ ហើយបានប៉ះពាល់ដល់ភាពពេញលេញ ភាពដើម និងតម្លៃសកលលេចធ្លោរបស់ប្រាសាទព្រះវិហារ។
ភស្តុតាងនេះត្រូវបានពង្រឹងបន្ថែមដោយការស្ទង់បច្ចេកទេសរបស់ CMAC។ CMAC បានរកឃើញ រណ្តៅគ្រាប់សរុប ៥០១ កន្លែង ដែលបង្កឡើងដោយគ្រាប់បែកទម្លាក់ពីអាកាស កាំភ្លើងធំ និងដ្រូន។ ក្នុងនោះ ៧៨ រណ្តៅ ត្រូវបានកត់ត្រាពីការប៉ះទង្គិចខែកក្កដា និង ៤២៣ រណ្តៅ ពីការប៉ះទង្គិចខែធ្នូ ឆ្នាំ២០២៥។

នៅទីតាំងនោះ CMAC ក៏បានកត់ត្រាភស្តុតាងនៃ គ្រាប់បែក MK-82 គ្រាប់បែកចង្កោម និងគ្រាប់កាំភ្លើងធំ 105mm, 125mm និង 155mm ព្រមទាំងការខូចខាតលើផ្លូវបុរាណ គ្រឹះ ជញ្ជាំង សសរ ផ្តែរ ហោជាង និងផ្នែកនានានៃគោបុរៈទាំងប្រាំ។ ហើយការខូចខាតមិនបានឈប់ត្រឹមថ្មប្រាសាទនោះទេ។
នៅ គោបុរៈទី៥ ដែលជាទីតាំងនៃគម្រោងអភិរក្សកម្ពុជា–ឥណ្ឌា រូបភាពមុនការវាយប្រហារបង្ហាញដងស្ទួច និងរន្ទាសម្រាប់ការងារអភិរក្សឈរជាប់នឹងសំណង់ប្រាសាទ។ រូបភាព និងវីដេអូក្រោយការវាយប្រហារ បង្ហាញការខូចខាតនៅទីតាំងនេះ រួមទាំងការដួលរលំនៃដងស្ទួចដែលប្រើនៅក្នុងតំបន់ការងារអភិរក្ស។

ដូច្នេះ សំណុំភស្តុតាងនៅព្រះវិហារ គឺច្បាស់ណាស់៖ ១៤២ ទីតាំងខូចខាតក្នុងខែកក្កដា។ ៤២០ ទីតាំងខូចខាតក្នុងខែធ្នូ។ សរុប ៥៦២ ទីតាំងខូចខាតលើប្រាសាទ។ ៥០១ រណ្តៅគ្រាប់។
គ្រាប់បែកទម្លាក់ពីអាកាស និងគ្រាប់បែកចង្កោម។ គ្រាប់កាំភ្លើងធំ 105mm, 125mm និង 155mm។
និងការខូចខាតដល់ទីតាំងគម្រោងអភិរក្សកម្ពុជា-ឥណ្ឌា។ ទាំងនេះជាភស្តុតាងរូបវន្តដែលអាចមើលឃើញ កត់ត្រា វាស់វែង និងផ្ទៀងផ្ទាត់បាន។

ប្រាសាទព្រះវិហារ គឺជាសម្បត្តិបេតិកភ ណ្ឌពិភពលោករបស់មនុស្សជាតិ។ ពាក្យសម្ដីអាចត្រូវបានបកស្រាយ។ និទានកថារបស់ភាគីថៃ អាចត្រូវបានបង្កើតដើម្បីការពារខ្លួនពីសកម្មភាពបំផ្លាញបេតិភណ្ឌពិភពលោក ដោយប្រឌិតលេសយោធា មួលបង្កាច់ដើម្បីបានលេសវាយកម្ទេចប្រាសាទ ព្រះវិហារ។ ប៉ុន្តែ ៥៦២ ទីតាំងនៃប្រាសាទដែលបានខូចខាត និង ៥០១ រណ្តៅគ្រាប់នៅព្រះវិហារ មិនអាចសរសេរឡើងវិញបានទេ។ ភស្តុតាងនៅលើដីកំពុងនិយាយដោយខ្លួនឯង៕
ដោយ៖ ប៊ុនរិទ្ធ





