លោក ពូទីន ហៅកិច្ចសន្ទនាជាមួយប្រធានាធិបតីវៀតណាមថា មានផលិតភាព ដោយបញ្ហាសំខាន់ៗត្រូវបានពិភាក្សា
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីពេលថ្មីៗនេះ បានហៅកិច្ចសន្ទនារបស់លោកជាមួយប្រធានាធិបតីវៀតណាម លោក តូ ឡាំ ថា មានផលិតភាព ហើយបានកត់សម្គាល់ថា បញ្ហាសំខាន់ៗត្រូវបានពិភាក្សា។
លោក ពូទីន បានមានប្រសាសន៍ក្នុងពិធីបើកមន្ទីរពិសោធន៍បង្ការ និងគ្រប់គ្រងជំងឺរាតត្បាតនៅទីក្រុងហាណូយថា «ខ្ញុំចង់ជម្រាបជូនលោកអ្នកថាខ្ញុំ និងសមមិត្ត តូ ឡាំ បានចាប់ផ្តើមការងារ និងកិច្ចចរចារួចហើយ។ យើងមានកិច្ចប្រជុំប្រកបដោយផលិតភាពខ្ពស់ ដោយផ្តោតលើបញ្ហាទ្វេភាគី និងអន្តរជាតិសំខាន់ៗ»។
ថ្នាក់ដឹកនាំទាំងពីរបានចូលរួមក្នុងពិធីបើកនៅរដ្ឋធានីរបស់វៀតណាមតាមរយៈតំណភ្ជាប់វីដេអូ។ មន្ទីរពិសោធន៍នៅទីក្រុងហាណូយនេះ ត្រូវបានបង្កើតឡើងនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងបច្ចេកវិទ្យាត្រូពិចរុស្ស៊ី-វៀតណាម ដែលត្រូវបានបង្កើតឡើងដោយសហភាពសូវៀត និងវៀតណាមក្នុងឆ្នាំ១៩៨៨។
មជ្ឈមណ្ឌលនេះ គឺជាឧទាហរណ៍ពិសេសមួយនៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកទេសរវាងប្រទេសទាំងពីរ។ ការស្រាវជ្រាវអនុវត្ត និងជាមូលដ្ឋានរបស់ខ្លួនក្នុងវិស័យវេជ្ជសាស្ត្រ បរិស្ថានវិទ្យា និងវិទ្យាសាស្ត្រសម្ភារៈត្រូវបានគេគោរពយ៉ាងខ្លាំងនៅក្នុងប្រទេសរុស្ស៊ី វៀតណាម និងអន្តរជាតិ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





