លោក ពូទីន៖ រុស្ស៊ី និងវៀតណាម កំពុងប្តូរទៅប្រើប្រាស់រូបិយប័ណ្ណជាតិ ក្នុងការធ្វើពាណិជ្ជកម្មទៅវិញទៅមក
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ប្រទេសរុស្ស៊ី និងវៀតណាម តែងតែប្តូរទៅប្រើប្រាស់រូបិយប័ណ្ណជាតិក្នុងការធ្វើពាណិជ្ជកម្មទៅវិញទៅមក។
លោក ពូទីន បានមានប្រសាសន៍បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីវៀតណាម លោក តូ ឡាំ នៅទីក្រុងមូស្គូថា «រុស្ស៊ី និងវៀតណាម តែងតែប្តូរទៅប្រើប្រាស់រូបិយប័ណ្ណជាតិក្នុងការទូទាត់ហិរញ្ញវត្ថុនិងកសាងបណ្តាញដែលអាចទុកចិត្តបានសម្រាប់កិច្ចសហប្រតិបត្តិការឥណទាន និងធនាគារ។ តាមរបៀបនេះ យើងកំពុងការពារពាណិជ្ជកម្មទ្វេភាគីពីផលប៉ះពាល់អវិជ្ជមាននៃស្ថានភាពនយោបាយជាសកល និងភាពប្រែប្រួលនៅក្នុងទីផ្សារសកលលោក»។
លោក ពូទីន ក៏បានកត់សម្គាល់ពីការងាររបស់រុស្ស៊ី និងវៀតណាមទៅលើការដឹកជញ្ជូនទំនិញរុស្ស៊ីទៅកាន់ប្រទេសទីបីផងដែរ។ លោក ពូទីន បានបន្ថែមថា កិច្ចសហប្រតិបត្តិការថាមពលរបស់រុស្ស៊ី និងវៀតណាមកំពុងអភិវឌ្ឍន៍។
លោក វ្ល៉ាឌីមៀរ ពូទីន បានហៅកិច្ចសន្ទនារបស់លោកជាមួយប្រធានាធិបតីវៀតណាម លោក តូ ឡាំ ថា មានប្រយោជន៍ និងមានអត្ថន័យ។
លោក ពូទីន បានមានប្រសាសន៍ថា ទំនាក់ទំនងរុស្ស៊ី-វៀតណាមកំពុងត្រូវបានផ្តល់អត្ថន័យថ្មី ដោយផ្អែកលើអន្តរកម្មរវាងវៀតណាម និងសហភាពសូវៀតកាលពីអតីតកាល។
លោក ពូទីន បានមានប្រសាសន៍ថា «រុស្ស៊ី និងវៀតណាម គឺជាដៃគូយុទ្ធសាស្ត្រ ហើយទំនាក់ទំនងរវាងប្រទេសយើងតែងតែផ្អែកលើគោលការណ៍នៃសមភាព ការគោរព និងការពិចារណាលើផលប្រយោជន៍របស់គ្នាទៅវិញទៅមក»។
លោក ពូទីន បានមានប្រសាសន៍ថា រុស្ស៊ី និងវៀតណាម បានកំណត់អាទិភាពសម្រាប់ការពង្រឹងភាពជាដៃគូបន្ថែមទៀត ក្នុងអំឡុងពេលនៃកិច្ចចរចានៅវិមានក្រឹមឡាំង ដោយលោកបានបន្ថែមថា គោលជំហររបស់ប្រទេសទាំងពីរនៅលើឆាកអន្តរជាតិ គឺជិតស្និទ្ធគ្នា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





