សាលាអារីហ្សូនសាខាខេត្តកំពង់ធំ ដង្ហែក្បួនអបអរសាទរសិស្សនិទ្ទេស A ចំនួន២នាក់ សម័យប្រឡង ១០ សីហា ២០២៦
AKP កំពង់ធំ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦--លោកស្រី លឹម គន្ធា នាយិកាសាលាអារីហ្សូនសាខាខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់អ្នកយក ព័ត៌មាននាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ថា ការរៀបចំក្បួនដង្ហែអបអរសាទរសិស្សដែល ទទួលបាននិទ្ទេស A ចំនួន២រូបនាពេលនេះ គឺជាសកម្មភាពធំមួយដែលសាលាអារីហ្សូន (Arizon School) សាខាខេត្តកំពង់ធំបានលើកទឹកចិត្តដល់សិស្សជ័យលាភី ផ្ដល់កិត្តិយស និងលើកទឹក ចិត្តដល់សិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងសិក្សារហូតទទួលបាននិទ្ទេស A ក្នុងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នាសម័យយប្រឡង ១០ សីហា ២០២៦ និងទទួលបានជ័យលាភីសិស្សពូកែទូទាំងប្រទេស។

លោកស្រីបន្តថា ក្បួនដង្ហែភាគច្រើនត្រូវធ្វើឡើងតាមដងផ្លូវសំខាន់ៗក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការចូលរួមពីគណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ សិស្សជ័យលាភី និងមាតាបិតាសិស្ស ដោយមានការតុបតែងរថយន្តក្បួន ការកាន់បដាអបអរសាទរ ការប្រគំបទភ្លេង និងស្រែកច្រៀងតាមបទភ្លេងជាដើម។

ក្នុងឱកាសនោះលោកស្រី លឹម គន្ធា បានអំពាវនាវដល់មាតាបិតាសូមជំរុញកូននិងទំនុកបម្រុងកូនឱ្យបានសិក្សារៀនសូត្រ ព្រោះការវិនិយោគលើធនធានមនុស្សផ្តល់ផលចំណេញ រយៈពេលវែង និងជាគ្រឹះយ៉ាងរឹងមាំសម្រាប់អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។

យុវសិស្ស ស្រី គឹមយូ និងយុវសិស្ស នី សុភ័ក្រ បានបង្ហាញពីទឹកមុខសប្បាយរីករាយ និងបានបញ្ជាក់ពីកត្តាសំខាន់ៗដែលធ្វើឱ្យរូបគេទទួលបាននិទ្ទេស A គឺ៖ ការខិតខំប្រឹងប្រែង ស្វ័យសិក្សាបន្ថែមនៅផ្ទះ។ រៀបចំពេលវេលារំលឹកមេរៀនទៀងទាត់ និងដោះស្រាយលំហាត់ ចាស់ៗ ឬវិញ្ញាសាគំរូឱ្យបានច្រើនការស្តាប់ការពន្យល់របស់លោកគ្រូ អ្នកគ្រូដោយយកចិត្តទុកដាក់ និងក្លាហានក្នុងការសួរដេញដោលនូវចំណុចមិនយល់ ពិសេសគឺយើងខិតខំសិក្សារៀនសូត្រតាំង ពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់វិទ្យាល័យ ។

ការគាំទ្រពីគ្រួសារ និងលោកគ្រូអ្នកគ្រូ គឺទទួលបានការលើកទឹកចិត្ត បង្កលក្ខណៈងាយ ស្រួលក្នុងការសិក្សា និងការតម្រង់ទិសបានល្អពីអាណាព្យាបាល និងគ្រូបង្រៀន។ ការថែរក្សាសុខភាព និងស្មារតី៖ គ្រប់គ្រងអារម្មណ៍មិនឱ្យតានតឹងខ្លាំង សម្រាក្យបានគ្រប់គ្រាន់ និងរក្សាជំនឿចិត្តលើខ្លួនឯងមុន និងអំឡុងពេលប្រឡង។

សូមបញ្ជាក់ថា សាលាអារីហ្សូនសាខាខេត្តកំពង់ធំមានបេក្ខជនប្រលងសរុបទាំងអស់ចំនួន ៣៥នាក់ (ស្រី ១៣នាក់) ក្នុងនោះមាននិទ្ទេស A ចំនួន២នាក់, និទ្ទេស B ចំនួន៧នាក់ (ស្រី ៦នាក់), និទ្ទេស C ចំនួន១០នាក់ (ស្រី ៤នាក់), និទ្ទេស D ចំនួន១០នាក់ (ស្រី ២នាក់) និងនិទ្ទេស E ចំនួន៤ នាក់ (ស្រី ១នាក់)៕

ដោយ ស៊ុម វណ្ណា





