រដ្ឋមន្ត្រីក្រសួងអប់រំជួបពិភាក្សាជាមួយក្រុមហ៊ុន Pearson PLC លើគម្រោងកិច្ចសហប្រតិបត្តិការលើកកម្ពស់ការបណ្ដុះបណ្ដាលគ្រូបង្រៀន
AKP ភ្នំពេញ ថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក David Lyons អនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃកម្មវិធី Pearson ELL របស់ក្រុមហ៊ុន Pearson PLC នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានជួបពិភាក្សាអំពីគម្រោងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការបណ្ដុះបណ្ដាលគ្រូបង្រៀននៅកម្ពុជា។
នៅក្នុងជំនួបនេះ លោក David Lyons បានជម្រាបជូនឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អំពីក្រុមហ៊ុន Pearson PLC ដែលមានទីស្នាក់ការកណ្ដាលនៅចក្រភពអង់គ្លេស ដោយនៅចុងទសវត្សរ៍ឆ្នាំ១៩៩០ បានចាប់ផ្ដើមពង្រីកវិសាលភាពលើវិស័យអប់រំជាមួយចក្ខុវិស័យ និងបេសកកម្ម ដើម្បីជួយមនុស្សគ្រប់រូបឱ្យសម្រេចបាននូវសក្ដានុពលពេញលេញ តាមរយៈការរៀនសូត្រ និងផ្ដល់នូវដំណោះស្រាយការអប់រំបែបឌីជីថល កម្មវិធីសិក្សាកម្រិតអន្តរជាតិ ការវាយតម្លៃសមត្ថភាព និងការរៀនសូត្រពេញមួយជីវិត។


ជាមួយគ្នានេះ លោកក៏បានលើកឡើងអំពីសំណើកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា ទៅលើការបណ្ដុះបណ្ដាលគ្រូបង្រៀនមុខវិជ្ជា STEM និងភាសាអង់គ្លេស ដោយបានរំលេចនូវវិធីសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងការគាំទ្រការផ្លាស់ប្ដូរការអប់រំភាសាអង់គ្លេស ការកសាងសមត្ថភាពគ្រូបង្រៀន និងការអភិវឌ្ឍវិជ្ជាជីវៈដើម្បីលើកកម្ពស់គុណភាពនៃការបង្រៀន និងលទ្ធផលសិក្សារបស់សិស្សានុសិស្ស។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Pearson PLC ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការលើកកម្ពស់ការអប់រំ STEM និងភាសាអង់គ្លេសនៅកម្ពុជា ដោយបានលើកឡើងពីវឌ្ឍនភាពនៃការបណ្ដុះបណ្ដាលគ្រូបង្រៀនសម្រាប់សតវត្សទី២១ ដែលផ្ដោតលើជំនាញបច្ចេកវិទ្យា ការស្រាវជ្រាវ ភាសាបរទេស ការធ្វើទំនើបកម្មកម្មវិធីសិក្សា ការកែលម្អសៀវភៅសិក្សាគោល និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ព្រមទាំងបញ្ញាសិប្បនិម្មិត (AI) ដើម្បីជាជំនួយដល់ការរៀន និងការបង្រៀន។

បន្ថែមពីលើនេះ ឯកឧត្តមបានរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកែលម្អប្រព័ន្ធបណ្ដុះបណ្ដាលគ្រូបង្រៀន ដែលជាបេះដូងនៃកំណែទម្រង់វិស័យអប់រំ និងការធ្វើកំណែទម្រង់សាលារៀនទាំងមូល ដោយបានបង្កើតកិច្ចសហប្រតិបត្តិការទាំងក្នុង និងក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាពគ្រូ ជំរុញការអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗ និងការចែករំលែកបទពិសោធល្អៗនៃការរៀន និងបង្រៀនឆ្ពោះទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស និងគុណភាពអប់រំឱ្យឆ្លើយតបទៅនឹងស្ដង់ដាថ្នាក់តំបន់ និងអន្តរជាតិ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)





