បិទវគ្គបំប៉នគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម ដើម្បីអបអរទិវាពិភពលោកសង្គ្រោះបឋម ក្រោមប្រធានបទ “វិនិយោគលើសន្តិភាព និងសង្គ្រោះបឋម សម្រាប់គ្រប់ៗគ្នា គ្រប់ទីកន្លែង គ្រប់ពេលវេលា”
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦-- ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាមានរៀបចំពិធីបិទវគ្គបំប៉នគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម ដើម្បីអបអរទិវាពិភពលោកសង្គ្រោះបឋម ១២ កញ្ញា ក្រោមប្រធានបទ "វិនិយោគលើសន្តិភាព និងសង្គ្រោះបឋម សម្រាប់គ្រប់ៗគ្នា គ្រប់ទីកន្លែង គ្រប់ពេលវេលា” ជូនដល់គ្រូបង្គោលថ្នាក់កណ្តាល មកពីសាខាកាកបាទក្រហមកម្ពុជារាជធានី-ខេត្តទាំង២៥ និងស្ថាប័នពាក់ព័ន្ធ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ និងយុវជនកាកបាទក្រហមកម្ពុជាជាច្រើនរូប។


លោកជំទាវអគ្គលេខាធិការបានសម្តែងក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យក្នុងការបញ្ចប់វគ្គបំប៉ននេះ។ វិជ្ជាសង្គ្រោះបឋមមិនត្រឹមតែជាជំនាញបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «បេះដូង និងជាស្មារតីនៃមនុស្សធម៌» ដែលជាក្តីសង្ឃឹមដំបូង និងអាចជួយសង្គ្រោះអាយុជីវិតជនរងគ្រោះបានទាន់ពេលវេលា មុនពេលទទួលបានការព្យាបាលពីគ្រូពេទ្យ។


ដើម្បីធានាថាចំណេះដឹងទាំងនេះត្រូវបានយកទៅប្រើប្រាស់ និងផ្សព្វផ្សាយបន្តយ៉ាងទូលំទូលាយនិងមានប្រសិទ្ធភាព លោកជំទាវអគ្គលេខាធិការ បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនជូនដល់សិក្ខាកាមរួមមាន៖ ១. ពង្រឹង និងអនុវត្តជំនាញឱ្យបានស្ទាត់ជំនាញ៖ ត្រូវបន្តរំលឹក និងអនុវត្តបច្ចេកទេសដែលបានរៀនឱ្យក្លាយជាទម្លាប់ ដើម្បីធានាថាការឆ្លើយតបក្នុងស្ថានភាពអាសន្នប្រកបដោយភាពត្រឹមត្រូវ និងឆាប់រហ័ស។ ២. ការចែករំលែក និងពង្រីកចំណេះដឹង៖ នាំយកបទពិសោធន៍ទាំងអស់ទៅបណ្តុះបណ្តាលបន្តដល់មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្កើត «អ្នកសង្គ្រោះបឋម» ឱ្យបានកាន់តែច្រើនក្នុងសហគមន៍។ ៣. ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧៖ បំពេញភារកិច្ចមនុស្សធម៌ដោយប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ចលនា ជាពិសេសភាពមិនលម្អៀង និងអព្យាក្រឹតដោយគ្មានការរើសអើង។ ៤. ការត្រៀមលក្ខណៈ និងភាពជាគំរូ៖ ធ្វើខ្លួនជាគំរូក្នុងសហគមន៍លើការងារសុវត្ថិភាព និងការត្រៀមខ្លួនជានិច្ចក្នុងការឆ្លើយតបចំពោះគ្រោះថ្នាក់ ឬគ្រោះមហន្តរាយ។ ៥. ការធ្វើផែនការ និងរៀបចំយុទ្ធនាការផ្សព្វផ្សាយ៖ រៀបចំផែនការសកម្មភាពច្បាស់លាស់សម្រាប់ទិវាពិភពលោកសង្គ្រោះបឋម ក្រោមប្រធានបទ “វិនិយោគលើសន្តិភាព និងសង្គ្រោះបឋម សម្រាប់គ្រប់ៗគ្នា គ្រប់ទីកន្លែង គ្រប់ពេលវេលា” តាមរយៈការចុះផ្សាយផ្ទាល់ និងបណ្តាញសង្គម៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





