ទីលានចាក់សំរាមថ្មីនៅភូមិទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល នឹងបើកឱ្យដំណើរការចាក់សំរាមជាលើកដំបូងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧ ខាងមុខ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ -- លោក ហួត ហៃ បានបញ្ជាក់ថា ទីលានចាក់សំរាមថ្មី នៅផ្លូវលេខ៥១ ភូមិទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល នឹងបើកឱ្យដំណើរការចាក់សំរាមជាលើកដំបូង នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧ ខាងមុខនេះ ដោយត្រូវផ្ទេរពីទីលានចាក់សំរាមចាស់នាខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ឱ្យដឹងបែបនេះ ខណៈដែលលោកចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី៣ អាណត្តិទី៤ ជាមួយលោក ជួប ខុន សមាជិកក្រុមប្រឹក្សាតំណាងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ។

លោក ហួត ហៃ បានបញ្ជាក់ថា ទីលានចាក់សំរាមថ្មីនេះ មានទំហំ ១៤៣ហិចតា ដោយជំហានទី១ បានរៀបចំរួចរាល់ជាស្តង់ដាអន្តរជាតិតែម្តង។ ការប្រមូលថវិកាពីការបង់ថ្លៃសំរាមនេះ យើងប្រមូលបានប្រមាណ ២លានដុល្លារអាម៉េរិកក្នុង ១ខែ។ យើងបានចំណាយមានចំនួនច្រើនជាងនេះ ពោលគឺនៅខាតបង់នូវឡើយទេ។ ក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាមទាំង៣ ប្រមូលសំរាមបានប្រមាណ ៤.១០០តោនក្នុងមួយថ្ងៃ ខណៈដែលកាលពីមុនមានក្រុមហ៊ុនតែមួយ បរិមាណសំរាមដែលប្រមូលបាន មានត្រឹមតែ ២.៧០០តោនក្នុងមួយថ្ងៃប៉ុណ្ណោះ។ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) អាជ្ញាធរ និងកងកម្លាំងរបស់រាជធានីភ្នំពេញ អនុវត្តការងារបានល្អប្រសើរនោះ គឺដោយសារខណ្ឌនីមួយៗបានម្ចាស់ការក្នុងការបង្ក្រាប ហើយពិសេសថែមទៀតនោះ គឺបានការសហការគ្នាយ៉ាងល្អពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ចំណែករាជធានីភ្នំពេញទទួលបានពានរង្វាន់ពីអង្គការសុខភាពពិភពលោកចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ តាមរយៈការអនុវត្តគម្រោង «ការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព ការជំរុញសុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធើ្វដំណើរក្នុងទីក្រុង» ដែលបានមកពីការចូលរួមខិតខំប្រឹងប្រែងទាំងអស់គ្នា ទាំងក្រុមប្រឹក្សារាជធានី រដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ និងមន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីផងដែរ។

ក្នុងមួយខែកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបំពេញការងារយ៉ាងល្អទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសការបង្ក្រាប ទប់ស្កាត់បទល្មើសផ្សេងៗ និងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានល្អប្រសើរ ការគ្រប់គ្រងទុកដាក់សំរាមបានល្អនិងការជួលជុល ថែទាំផ្លូវ លូ ប្រឡាយបានល្អជាដើម។

លោក ជួប ខុន បានបញ្ជាក់ថា សមាជិកក្រុមប្រឹក្សារាជធានី ក៏បានអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញផងដែរ ចំពោះការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់បានល្អ ក្នុងការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានល្អ និងការរៀបចំអនាម័យ បរិស្ថានបានល្អផងដែរ ព្រមទាំងចូលរួមអបអរសាទរ ដែលរាជធានីភ្នំពេញទទួលបានពានរង្វាន់ពីអង្គការសុខភាពពិភពលោក៕
ដោយ៖ សួស សំរិត





