ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយមនុស្សធម៌របស់សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភជូនអតីតយុទ្ធជនពិការ និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត
AKP កំពង់ធំ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការីនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងស័ង្កសី ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជនពិការ និងប្រជាពលរដ្ឋក្រីក្រចំនួន១២គ្រួសារ នៅភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោក គង់ ឈុំ តំណាងឱ្យលោក លុន យ៉េន មេឃុំដងកាំបិត បានឡើងរាយការណ៍បញ្ជាក់ថា អតីតយុទ្ធជនពិការដោយសារសង្គ្រាម និងប្រជាពលរដ្ឋទាំង១២ គ្រួសារ ដែលបានចូលរួមក្នុងពិធីនេះ គាត់ពិតជាមានជីវភាពលំបាកខ្វះខាតពិតប្រាកដមែន ដោយក្រុមគ្រួសារគាត់ មានជំងឺប្រចាំកាយ មានសមាជិកច្រើននាក់និងមិនមានមុខរបរពិតប្រាកដ ហើយកន្លងមកនេះ បានទទួលការជួយឧបត្ថម្ភជាបន្តបន្ទាប់ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំផងដែរ។ លោកមេឃុំក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលជានិច្ចជាកាលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងប្រជាជននៅក្នុងឃុំដងកាំបិតបានជាប់ជាប្រចាំ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងការផ្ដាំផ្ញើសាកសួរទុក្ខពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ និងបានសូមជូនពរ សុំឱ្យក្រុមគ្រួសារអតីតយុទ្ធជននិងប្រជាជនទាំងអស់នៅទីនេះ នឹងនៅតាមមូលដ្ឋាននានា សូមទទួលបាននូវសេចក្ដីសុខ និងពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ និងសកម្មភាពរំលោភឃ្លានពានបូរណភាពទឹកដីកម្ពុជា ពីសំណាក់យោធាថៃ ក្រោយមានបទឈប់បាញ់ចូលជាធរមានរួចហេីយ ដែលកម្ពុជាបានខិតខំអត់ធ្មត់ គោរពយ៉ាងមុឺងម៉ាត់ តាមសេចក្តីប្រកាសរួមនៃបទឈប់បាញ់និងបានប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ ។ ហើយបច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាយើង បានខឹតខំធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីបង្ហាញពិភពលោក អំពីសភាពការពិតនៃការឈ្លានពានទឹកដីពីភាគីថៃ មកលើដែនអធិបតេយ្យភាពបូរណភាពទឹកដីរបស់កម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជូនក្រុមគ្រួសារអតីតយុទ្ធជននិងប្រជាពលរដ្ឋទាំង ១២ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥ គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យូរ និងត្រីខកំប៉ុងចំនួនមួយយូរ។ ដោយឡែកប្រជាពលរដ្ឋចំនួន ៣ គ្រួសារ ដែលមានជម្រកស្នាក់នៅធ្លុះធ្លាយ បានទទួលស័ង្កសីចំនួន ៨០ សន្លឹក ដើម្បីជួសជុលជម្រកស្នាក់នៅឱ្យបានសមរម្យ ព្រមទាំងបានឧបត្ថម្ភប្រេងម៉ាស៊ូតចំនួន៦០លីត្រ សម្រាប់ចាក់គោយន្ដដឹកជញ្ជូនកម្ទេចថ្ម ដើម្បីជួសជុលផ្លូវលំក្នុងភូមិ និងថវិកាមួយចំនួនដល់ប្រធានក្រុមចំនួន១៥នាក់ផងដែរ៕

ដោយ ស៊ុម វណ្ណា





