ឯកឧត្តម ស៊ុន ចាន់ថុល ចូលរួមជាសក្ខីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលមានតម្លៃជិត ១ពាន់លានដុល្លារអាម៉េរិក
AKP សៀមិន ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៦– ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ចូលរួមជាសក្ខីភាពក្នុង ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានមានតម្លៃជិត ១ពាន់លានដុល្លារអាម៉េរិក រវាងធនាគារ China Exim Bank និង ក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (Funan Techo Coastal-Inland Waterways Company) សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។

ពិធីដ៏មានសារសំខាន់ និងជាប្រវត្តិសាស្ត្រនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងព្រឹត្តិការណ៍សហប្រតិបត្តិការវិនិយោគអន្តរជាតិ ក្រោមប្រធានបទ «ប្រាជ្ញាសកល, ការពង្រឹងកម្លាំងរួមគ្នាលើការវិនិយោគអន្តរជាតិ និងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ» (Global Wisdom, Mutual Empowerment: International Investment & Cooperation Exchange) ដោយមានវត្តមានចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក ព្រមទាំងឥស្សរជនជាន់ខ្ពស់ និងថ្នាក់ដឹកនាំធុរកិច្ចអន្តរជាតិជាច្រើនរូប។

តាមរយៈវេទិកានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន ធនាគារ China Exim Bank, គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន (NDRC) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA) និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានផ្តល់កិច្ចសហការយ៉ាងស្មោះស្ម័គ្រ និងជិតស្និទ្ធរហូតសម្រេចបាននូវសមិទ្ធផលដ៏ធំធេងមួយនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គឺជាតួអង្គផ្លាស់ប្តូរមុខមាត់កម្ពុជា (Game Changer) ដែលមិនត្រឹមតែបង្កើតផ្លូវទឹកទន្លេភ្ជាប់ទៅកាន់សមុទ្រ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យភស្តុភារកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើត «របៀងសេដ្ឋកិច្ចថ្មី» និងជាសរសៃឈាមសេដ្ឋកិច្ចដ៏រស់រវើក។ តាមរយៈគម្រោងនេះ តំបន់ឧស្សាហកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម ការកែច្នៃកសិផល ការអភិវឌ្ឍក្រុងរណប និងវិស័យទេសចរណ៍ នឹងរីកចម្រើនយ៉ាងខ្លាំងក្លាតាមបណ្តោយផ្លូវទឹកនេះនាទសវត្សរ៍ខាងមុខ។
ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវសុភាសិតចិនមួយឃ្លាថា «កាលណាប្រជាជនមានចិត្តគំនិតតែមួយ សូម្បីតែភ្នំតៃសានក៏អាចរំកិលបានដែរ» ក្នុងន័យនេះ ឯកឧត្តមមានបំណងបង្ហាញពីតថភាពរបស់កម្លាំងថាមពលនៃកិច្ចសហប្រតិបត្តិការ និងការរួបរួមគ្នាជាធ្លុងមួយ ដើម្បីសម្រេចបាននូវគោលដៅធំៗប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវទៅកាន់ថ្នាក់ដឹកនាំធុរកិច្ចអន្តរជាតិទាំងអស់ ឱ្យអញ្ជើញមកកាន់កម្ពុជា សម្លឹងមើលឱកាសវិនិយោគនៅកម្ពុជា និងរីកចម្រើនជាមួយកម្ពុជា ខណៈដែលកម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការស្វាគមន៍ សម្របសម្រួល និងធ្វើការរួមគ្នាដើម្បីជោគជ័យប្រកបដោយចីរភាព និងប្រែក្លាយការភ្ជាប់ទំនាក់ទំនងឱ្យទៅជាកាលានុវត្តភាព និងផ្លាស់ប្តូរការវិនិយោគឱ្យទៅជាការលូតលាស់រួមគ្នាយ៉ាងពិតប្រាកដ៕
ដោយ៖ ចរិយា ប្រភព៖ CDC





