លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ត្រូវបានទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ប្រចាំឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៦– លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ត្រូវបានទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ប្រចាំឆ្នាំ២០២៦ ដែលជាចំណាត់ថ្នាក់កម្រិតខ្ពស់ និងជាការទទួលស្គាល់ ៣ឆ្នាំជាប់គ្នា ចំពោះប្រសិទ្ធភាពនៃការដឹកនាំធនាគារកណ្តាលរបស់លោកជំទាវ។
លោកជំទាវបាន ស្ថិតក្នុងបញ្ជីចំណាត់ថ្នាក់នេះ ក្នុងចំណោមទេសាភិបាល ធនាគារកណ្តាលនៃបណ្តាប្រទេស ដែលមានប្រព័ន្ធហិរញ្ញវត្ថុរីកចម្រើនដូចជា ឯកឧត្តម Martin Schlegel ទេសាភិបាល ធនាគារជាតិនៃប្រទេសស្វ៊ីស ឯកឧត្តម Khaled Mohamed Balama Al Tameemi ទេសាភិបាល ធនាគារកណ្តាល អេមីរ៉ាតអារ៉ាប់រួម (UAE) និងឯកឧត្តម Eli Remolona ទេសាភិបាល ធនាគារកណ្តាលហ្វីលីពីន ជាដើម។
Global Finance បានផ្សព្វផ្សាយបញ្ជីចំណាត់ថ្នាក់ឥស្សរជនជាថ្នាក់ដឹកនាំធនាគារកណ្តាលនេះជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ១៩៩៤ ដោយវាយតម្លៃលើប្រសិទ្ធភាពការងាររបស់ថ្នាក់ដឹកនាំធនាគារកណ្តាលប្រមាណ ១០០ ប្រទេសជុំវិញពិភពលោក ជាពិសេសលើការអនុវត្តនយោបាយរូបិយវត្ថុ ក្នុងការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕

ដោយ៖ ចរិយា ប្រភព៖ NBC





