ឯកឧត្តម សុខ លូ និងលោកជំទាវ បាន ស្រី មុំ ចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ
AKP បាត់ដំបង ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦–ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ពិធីនេះបានធ្វើឡើងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

សូមជម្រាបថា បន្ទាប់ពីការចុះសិក្សា និងពិនិត្យទីតាំងជាក់ស្តែង រដ្ឋបាលខេត្តទាំងពីរបានប្រជុំពិភាក្សា និង សម្រេចឯកភាពគ្នាដោយផ្អែកលើគោលការណ៍ច្បាប់ រៀបចំសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ក្រោយពីមានសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលពុំទាន់មានភាពច្បាស់លាស់ ដើម្បីធានាឱ្យការគ្រប់គ្រងរដ្ឋបាលនៅតំបន់ព្រំប្រទល់នោះមានភាពច្បាស់លាស់ ប្រសិទ្ធភាព និងស្របតាមស្ថានភាពជាក់ស្តែង ៕


ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





