មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្ដចិន និងបក្សកុម្មុយនិស្ដវៀតណាម ជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ -- លោក លី ស៊ូឡី (Li Shulei)មន្ត្រីជាន់ខ្ពស់នៃបក្សកុម្មុយនិស្តចិន (CPC) បានជួបជាមួយលោក ង្វៀន ស៊ូនថាង (Nguyen Xuan Thang) ប្រធានក្រុមប្រឹក្សាទ្រឹស្តីកណ្តាលនៃបក្សកុម្មុយនិស្តវៀតណាម (CPV) នៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ។
លោក លី ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្ស CPC និងជាប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃគណៈកម្មាធិការកណ្តាលបក្ស CPC បាននិយាយថា ភាគីទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីសម្រេចបាននូវការយោគយល់គ្នារវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរ។
លោក លី បាននិយាយថា ភាគីទាំងពីរគួរតែអនុវត្តន៍ការផ្លាស់ប្តូរស៊ីជម្រៅ និងការរៀនសូត្រគ្នាទៅវិញទៅមកទាក់ទងនឹងទ្រឹស្តី និងបទពិសោធន៍ក្នុងការគ្រប់គ្រងបក្ស និងរដ្ឋ ព្រមទាំងជំរុញការកសាងសហគមន៍ចិន-វៀតណាម ក្នុងកម្រិតកំពូលជាមួយនឹងអនាគតរួមគ្នាដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។
លោក ង្វៀន ស៊ូនថាង បាននិយាយថា ប្រទេសវៀតណាមមានឆន្ទៈក្នុងការសិក្សា និងរៀនសូត្រពីបទពិសោធន៍របស់បក្ស CPC ក្នុងការដឹកនាំប្រជាជនចិនក្នុងរយៈពេលមួយសតវត្សកន្លងមក ក៏ដូចជាគំនិតរបស់លោកស៊ី ជីនពីង (Xi Jinping) ស្តីពីការកសាងបក្ស ដើម្បីរួមគ្នាលើកកម្ពស់ការអភិវឌ្ឍជាបន្តបន្ទាប់នៃបុព្វហេតុសង្គមនិយមនៅក្នុងប្រទេសទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





