ក្រសួងកិច្ចការនារី និងមូលនិធិហ្វ្រេដហូឡូបន្តពង្រឹងភាពជាដៃគូ ដើម្បីពង្រីកសេវាសុខភាពភ្នែកប្រកបដោយសមធម៌ និងបរិយាបន្ន
AKP ភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦--លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារយេនឌ័រ អំពីសុខភាពភ្នែក ជាមួយលោក ROSS PIPER នាយកប្រតិបតិ្តនៃមូលនិធិហ្រ្វេដហូឡូ ព្រមទាំងសហការីនៃមូលនិធិហ្រ្វេដហូឡូប្រចាំកម្ពុជាកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ។

ជំនួបនេះធ្វើឡើងក្នុងគោលបំណង សិក្សាអំពីវឌ្ឍនភាពវិស័យសុខភាពភ្នែក និងពិនិត្យលទ្ធភាពបង្កើនកិច្ចសហការបន្ថែមជាមួយដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹង និងបង្កើនសេវាសុខភាពភ្នែកជូនប្រជាពលរដ្ឋ រួមទាំងស្រ្តី កុមារី និងសិស្សានុសិស្សនៅប្រទេសកម្ពុជា។

លោក ROSS PIPER នាយកប្រតិបតិ្តនៃមូលនិធិហ្រ្វេដហូឡូ និងសហការី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងកិច្ចការនារី និងនាយកដ្ឋានស្រ្តី និងសុខភាពនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ដែលកន្លងមកបានផ្ដល់ការសហការយ៉ាងល្អប្រសើរជាមួយអង្គការមូលនិធិហ្រ្វេដហូឡូ ធ្វើឱ្យវិស័យសុខភាពភ្នែក និងយេនឌ័រនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងទាំងក្នុងវិស័យសុខាភិបាល អប់រំ និងការយល់ដឹងក្នុងចំណោមប្រជាពលរដ្ឋ និងសិស្សានុសិស្ស។ សមិទ្ធិផលដ៏ល្អប្រសើរទាំងនេះបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីភាគីពាក់ព័ន្ធនៅលើឆាកអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះមូលនិធិហ្រេ្វដហូឡូ ដែលបានសហការ និងគាំទ្រកម្ពុជាក្នុងការលើកកម្ពស់សុខភាពភ្នែក ជាពិសេសក្នុងការកាត់បន្ថយគម្លាតយេនឌ័រ ការទទួលបានចំណេះដឹង និងការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទទួលបានសេវាសុខភាពភ្នែក។ ជាមួយគ្នានេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានលើកឡើងអំពីសារៈសំខាន់នៃការពង្រីកការអប់រំ និងផ្សព្វផ្សាយសុខភាពភ្នែកទៅដល់ក្រុមគោលដៅដែលមានការប្រឈម ឬមានកម្រិតក្នុងការទទួលបានព័ត៌មាន និងសេវាសុខភាព រួមមាន ស្ត្រីនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត អ្នកប្រកបការងារក្នុងវិស័យសំណង់ វិស័យរោងចក្រ អ្នកប្រើប្រាស់ឧបករណ៍ឌីជីថលជាប្រចាំ ព្រមទាំងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីសង្គ្រាម ឬស្ថានភាពអាសន្ន។ ការពង្រីកការអប់រំ និងការផ្សព្វផ្សាយទៅកាន់ក្រុមគោលដៅទាំងនេះ នឹងរួមចំណែកបង្កើនការយល់ដឹងអំពីការថែទាំ និងការការពារសុខភាពភ្នែក កាត់បន្ថយហានិភ័យនៃបញ្ហាភ្នែក និងជំរុញឱ្យប្រជាពលរដ្ឋអាចទទួលបានព័ត៌មាន ពិនិត្យ និងព្យាបាលបានទាន់ពេលវេលា។

ក្រសួងកិច្ចការនារី សង្ឃឹមថា នឹងបន្តកិច្ចសហការយ៉ាងមុតមាំ និងពង្រឹងភាពជាដៃគូជាមួយអង្គការមូលនិធិហ្រ្វេដហូឡូ ដើម្បីរួមគ្នាលើកកម្ពស់សុខភាព សុខុមាលភាព និងភាពអង់អាចរបស់ស្ត្រី និងគ្រួសារ ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ ឱ្យទទួលបានព័ត៌មាន និងសេវាទៅតាមតម្រូវការជាក់លាក់របស់ពួកគាត់ប្រកបដោយសមធម៌ និងបរិយាបន្ន៕
ដោយ ទូច វលក័្ខណ (ប្រភព៖ក្រសួងកិច្ចការនារី)





